យុវជនម្នាក់ ត្រូវក្មេងស្ទាវ២នាក់ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ កាប់ប្រហារចំក្បាល ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់
ស្វាយរៀង៖ យុវជនម្នាក់ បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយដាវ ដេញកាប់សម្លាប់យ៉ាងរន្ធត់ ផ្អើលពេញផ្លូវតែម្តង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខាងលិចស្ពានគយត្របែក ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សាកសពជនរងគ្រោះមានឈ្មោះ វ៉ា វិសាល អាយុ១៩ឆ្នាំ ជានិស្សិត រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ត្រូវបានជនដៃដល់ឈ្មោះ ប្រាក់ សុភារាជ (ហៅពៅ) ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង (រត់បាត់) និងឈ្មោះ អេង វាចាអក្ខរ៉ា ភេទប្រុស (ចាប់បាន) រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជិះម៉ូតូមួយគ្រឿងម៉ាកឌូក ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ដេញកាប់ ជនរងគ្រោះដែលកំពុងជិះម៉ូតូ ចំក្បាលបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ហូរឈាមជោកខ្លួន ខំប្រឹងលើកម៉ូតូទាំងត្រដាបត្រដួសដើម្បីជិះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ស្វាយរៀង តែអកុសលក៏ស្លាប់យ៉ាងអាណោចអាធ័ម។

ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង ចាប់ខ្លួនបានម្នាក់ យកមកសាកសួរ និងចាត់ការតាមច្បាប់ ខណៈម្នាក់ទៀត សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ៕
