មន្ទីរកសិកម្មខេត្តកំពង់ធំ ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីការធ្វើអាជីវកម្មពិឃាតសត្វ និងប្រមូលទិញសត្វ ក្នុងស្រុកស្ទោង សម្រាប់ឆ្នាំ២០២១…
(ខេត្តកំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចាត់តាំងលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ និងមន្ត្រី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទចុះផ្សព្វផ្សាយសេចក្តី ជូនដំណឹងស្ដីពីការធ្វើអាជីវកម្មពិឃាតសត្វ និងប្រមូលទិញសត្វ សម្រាប់ឆ្នាំ២០២១ដល់អាជីវករ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ នៅ ទីសត្វឃាតដ្ឋានភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក តាន់ ម៉េងឆាង បានលើកយកលិខិតលេខ១៦អនក្រ.ប្រក របស់ក្រសួងកសិកម្មចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០០៣ ក្នុងការត្រួតពិនិត្យអនាម័យ សត្វ និងផលិតផលមានដើមកំណើតពីសត្វ និងប្រកាសពាក់ព័ន្ធ ។ អនុក្រឹត្យលេខ ១០៨ អនក្រ.ប្រកចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៧ ស្តីពីការគ្រប់ គ្រងសត្តឃាតដ្ឋាន ត្រួតពិនិត្យអនាម័យសត្វសាច់ និងផលិតផលសត្វ និងប្រកាសព័ន្ធ ។

លិខិតលេខ ៥៧៩៨/ ២០ សជណចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ ស្តីពីការធ្វើអាជីវកម្មពិឃាតសត្វក្នុងខេត្តកំពង់ធំ សម្រាប់ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តកំពង់ធំ ។
លោកបានបន្ថែមថា សត្តឃាតដ្ឋានត្រូវ មានអនាម័យ ធ្វើការលាងសម្អាតសម្លាប់មេរោគលក្ខណៈបច្ចេកទេសបសុពេទ្យ សម្ភារៈប្រើប្រាស់សម្រាប់ពិឃាដសត្វត្រូវមានអនាម័យល្អ ។

អ្នកគ្មាន ភារកិច្ចហាមចេញ ចូលទីសត្វឃាតដ្ឋានដោយគ្មានការអនុញ្ញាត ត្រូវរក្សាសណ្តាប់ធ្នាប់សន្តិសុខ និងរបៀបរៀបរយក្នុងសត្វឃាតដ្ឋាន សត្វសម្រាប់ ពិឃាតត្រូវរក្សាទុកនៅកន្លែងបង្ឃាំងសត្វនៅក្នុងសត្វឃាតដ្ឋានរយៈពេល ១២ ទៅ ២៤ ម៉ោងមុនធ្វើការពិឃាត ។

ត្រូវផ្ដល់ទឹកផឹកឲ្យបានគ្រប់គ្រាន់ តែមិនផ្ដល់អាហារឡើយក្នុងរយៈពេលបង្ខាំងនេះ ហាមធ្វើទារុណកម្មសត្វដូចជាវាយដំបង ច្រកទឹក ច្រកចំណី និងការធ្វើទារុណកម្មតាមរូបភាពផ្សេង ទៀត សត្វអាចពិឃាតបានលុះត្រាតែមានការអនុញ្ញាតពីភ្នាក់ងារបសុពេទ្យមានសមត្ថកិច្ចនៅក្នុងសត្វឃាតដ្ឋាននោះ ។

សត្វត្រូវលាងសម្អាតមុនធ្វើ ពិឃាត និងផលិតផលសត្វត្រូវលាងសម្អាតរក្សាទុកឬព្យួរតាមលក្ខណៈបច្ចេកទេស សាច់ និងផលិតផលសត្វត្រូវតែឆ្លងកាត់ការត្រួតពិនិត្យអនាម័យ បោះត្រា ឬអូសត្រា ឬបិទស្លាកសម្គាល់លើកញ្ចប់សាច់ និងមានវិញ្ញាបនបត្របញ្ជាក់អនាម័យពីភ្នាក់ងារបសុពេទ្យសមត្ថកិច្ចនៅក្នុងសត្វឃាដដ្ឋាន សត្វអាចពិឃាតបានលុះត្រាតែមានការអនុញ្ញាតពីភ្នាក់ងារបសុពេទ្យមានសមត្ថកិច្ចមុនធ្វើការនាំចេញទៅកាន់ទីផ្សារ អាជីវករពិឃាតសត្វត្រូវតែ បង្កលក្ខណៈងាយស្រួលដល់ភ្នាក់ងារបសុពេទ្យមានសមត្ថកិច្ចក្នុងការពិនិត្យសត្វ ។

ក្នុងនោះលោក តាន់ ម៉េងឆាង បានសំណូមពរដល់ម្ចាស់សត្តឃាតដ្ឋានទាំងអស់ត្រូវគោរពច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វឲ្យបានត្រឹមត្រូវ។ សូមអាជីវករទាំងអស់ត្រូវយកសត្វគោ ក្របី និងជ្រូកមកពិឃាត នៅទីសត្តឃាតដ្ឋានស្រុកដើម្បីងាយស្រួលក្នុងការពិនិត្យមានជំងឺ ឬគ្មានជំងឺការពារកុំ ឱ្យឆ្លងដល់សត្វផ្សេងៗ និងមនុស្សផងដែរ៕







