រថយន្តដឹកដែកអេតចាយសំពីងសំពោងក្រឡាប់ចាក់អេតចាយចោល…

រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿងដឹកដែកអេតចាយសំពីងសំពោងបើកបរតាមផ្លូវកំពុងស្ថាបនាហើយកង់ខាងឆ្វេងជាន់លើផ្លូវខ្ពស់និងកង់ខាងស្ដាំជាន់លើផ្លូវទាប បណ្ដាលឲ្យផ្អៀងខ្លាំងរួចក៏ក្រឡាប់ដេកស្ដូកចាក់អេតចាយចោលកណ្ដាលផ្លូវទាំងព្រឹកតែម្ដង ។ ប៉ុន្តែមិនបានបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬស្លា.ប់នៅក្នុងហេតុការណ៍នោះឡើយ ហើយក្រោយពេលកើតហេតុម្ចាស់បានហៅរថយន្តស្ទូចទៅស្ទូចលើកយករថយន្តនេះចេញទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង។


ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចច្រកចូលសាលាឯកជនមួយកន្លែង ស្ថិតនៅភូមិព្រៃព្រីងត្បូង២ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AD-1330 បើកបរដោយបុរសអត់ស្គាល់អត្តសញ្ញាណម្នាក់។


តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើមានដឹកដែកអេតចាយសំពីងសំពោងហួសទ្រុង ហើយបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនគួរសមដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដោយសារតែផ្លូវកំពុងស្ថាបនាធ្វើឲ្យស្ថានភាពដីម្ខាងខ្ពស់និងម្ខាងទៀតទាប ។ ខណៈនោះកង់ខាងឆ្វេងបានជាន់លើផ្លូវខ្ពស់ និងកង់ខាងស្ដាំជាន់លើផ្លូវទាប បណ្ដាលឲ្យផ្អៀងខ្លាំងគួបផ្សំជាមួយរថយន្តផ្ទុកធ្ងន់ផងនោះ ក៏បានក្រឡាប់ដេកស្ដូកចាក់ដែកអេតចាយចោលកណ្ដាលផ្លូវតែម្ដង ប៉ុន្តែពុំបណ្ដាលឲ្យសង្កត់លើអ្នកដំណើរណាម្នាក់ឡើយ ហើយអ្នកបើកបររថយន្តក៏មិនបានរងរបួសនោះដែរ។


តាមប្រភពដដែលបានបន្តថា រថយន្តនោះបានរងការខូចខាតយ៉ាងដំណំ ហើយក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅធ្វើការពិនិត្យជាក់ស្ដែងឃើញមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ និងពុំបានបង្កឲ្យមានអ្នកស្លា.ប់ឬរងរបួសនោះក៏បានឲ្យម្ចាស់រថយន្តស្ទួចយករថយន្តទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram