សម្តេចតេជោ៖ សម្រាប់ខ្ញុំដែលមានអាយុ ជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យដឹងថា សម្តេច មិនអាចចាក់វ៉ាក់សាំងឈ្មោះ សុីណូហ្វាម(Sinopharm) បានទេនោះ ក៏ដោយសារតែ ការចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ តែប៉ុណ្ណោះ។


តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃសុក្រនេះ សម្តេចតេជោ បានផ្ញើជូន ជនរួមជាតិជា ទីគោរពស្រឡាញ់របស់សម្តេចថា ” ខ្ញុំទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាលដែល បានទទួល លិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃ សាធារណរដ្ឋ ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះ សុីណូហ្វាម(Sinopharm)ចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែ ប៉ុណ្ណោះ”។


សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា “សម្រាប់ខ្ញុំ ដែលមានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។
ដូចនេះគំរោងចាក់វ៉ាក់សាំង ដែលគ្រោង ចាក់នៅថ្ងៃទី១០កុម្ភៈ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំ ទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ”។


សម្តេច មានប្រសាសន៍បញ្ជាក់បន្ថែមថា សម្រាប់កម្មវិធី ចេញទៅទទួលជំនួយវ៉ាក់សាំង នៅព្រលានយន្តហោះនាល្ងាច ថ្ងៃ៧កុម្ភៈ នៅរក្សាទុកដដែល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram