ជនរងគ្រោះស្នើឱ្យសមត្ថកិច្ចពន្លឿនការដោះស្រាយ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងជាង១ខែ នៅខណៈជនបង្កព្យាយាមគេចវេះ
(ភ្នំពេញ)៖ បន្ទាប់ពីរង់ចាំការដោះស្រាយក្រៅប្រព័ន្ធតុលាការអស់រយៈពេលជាង១ខែ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលមកនោះ នៅពេលនេះ ជនរងគ្រោះបានសំណូមពរឱ្យសមត្ថកិច្ចជំនាញមេត្តាពន្លឿននីតិវិធីឱ្យបានឆាប់។

លោក អៀប ម៉េងហួត អាយុ២៣ឆ្នាំ ដែលជនរងគ្រោះនៅក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ បានស្នើសុំដោយទទូចស្នងការនគរបាលរាជធានីភ្នំពេញ និងប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឱ្យជួយពន្លឿនការ ដោះស្រាយសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជនរងគ្រោះ និងជនបង្កឱ្យឆាប់បានចប់ ខណៈដែលការដោះស្រាយហាក់អូសបន្លាយពេលយូរហើយនៅពុំទាន់មានលទ្ធផលជាវិជ្ជមាន។
សូមបញ្ជាក់ថា ការវេលាទៀបភ្លឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២កន្លងទៅ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅចំណុចបណ្ដោយផ្លូវ១២២ មានរថយន្តម៉ាក RANG ROVER ពណ៌ស ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ 2AX-6728 បើកដោយបុរសម្នាក់ក្រោមស្ថានភាពស្រវឹង បានទៅបុករថយន្ដរបស់ជនរងគ្រោះ ម៉ាក MAZDA CX3 ពាក់ស្លាកលេខ 2AP-6116 ដែលកំពុងចតចោលនៅមុខផ្ទះបណ្ដាលឱ្យខូចខាតផ្នែកខាងក្រោយ។
ក្រោយបង្កហេតុរួច ជនបង្កបានព្យាយាមបើករថយន្តរត់គេចពីកន្លែងកើតហេតុ ប៉ុន្តែត្រូវប្រជាពលរដ្ឋជួយឃាត់បាន។ បើយោងតាមការអះអាងរបស់ជនរងគ្រោះ ក្រោយពីខ្លួនបានដាក់ពាក្យបណ្ដឹងនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរួចមក សមត្ថកិច្ចជំនាញបានកោះហៅជនបង្កទៅដោះស្រាយចំនួន២លើកផងដែរ ប៉ុន្តែជនបង្កមិនព្រមសងការខូចខាតដល់ជនរងគ្រោះនោះទេ ដោយដោះសារថារង់ចាំក្រុមហ៊ុន ធានារ៉ាប់រងទៅដោះស្រាយជំនួស។
ដោយសារតែជនបង្កហាក់កំពុងគេចវេះ ប្រកបដោយលេសជាច្រើនបែបនេះហើយ ទើបជនរងគ្រោះសូមពរដល់ស្ថាប័នមានសមត្ថកិច្ចឱ្យជួយដោះស្រាយរឿងនេះឱ្យឆាប់ ព្រោះជនរងគ្រោះបានខាតបង់ទាំងពេលវេលា និងប្រាក់ ច្រើនណាស់មកហើយ និងមិនចង់បាត់បង់ឱ្យកាន់តែច្រើនឡើងៗនោះទេ។
ដោយការង់ចាំនេះ ចេះតែអូសបន្លាយពេលវេលាក្រោមហេតុរងចាំក្រុមហ៊ុនធានារ៉ាប់រង ជនរងគ្រោះបានស្នើសុំឲ្យភាគីជនបង្កត្រូវសងការខូចខាតរថយន្តខ្លួនឲ្យបានតម្លៃប្រហាក់ប្រហែលនឹងតម្លៃដើម នេះមិនទាន់គិតដល់ពេលវេលា ដែលខាតបង់នឹងការខូចខាតផ្សេងផង ចំពោះការខាតបង់ពីសំណាក់ភាគីបង្ក៕




