ក្រសួងសុខាភិបាលបន្ថែមកន្លែងថែទាំព្យាបាលអ្នកជំងឺ COVID-19 និងស្នើក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមប្រយុទ្ធជំងឺមួយនេះ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល សម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដ១៩ ដែលមានចំណុះ១០០គ្រែមួយទីតាំងទៀត ស្ថិតនៅអតីតមណ្ឌលសុខភាពចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដនេះ បន្ទាប់ពីក្រសួងបានពិនិត្យឃើញថា មានការកើនឡើងនៃអ្នកស្នើសុំពិនិត្យធ្វើតេស្តរកជំងឺកូវីដ១៩នេះ។

ក្រៅពីទីតាំងទើបបន្ថែមថ្មីនេះ ក្រសួងសុខាភិបាល បានរៀបចំកន្លែងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅទីតាំងជាច្រើនមានដូចជានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប និងនៅមន្ទីរពេទ្យខេត្តទាំង២៤។

ក្នុងសេចក្តីជូនព័ត៌មាននេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។ បើទោះបីជាយ៉ាងណា ក្រសួងសុខាភិបាល បានអះអាងថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍នៅឡើយនោះទេ។ ករណីជំងឺកូវីដ១៩នៅកម្ពុជា សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន១២ករណីរួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នាពេលថ្មីៗ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ។

នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន តាមរយៈសារាចរណែនាំដូចខាងក្រោម៖

*ទី១៖ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។
*ទី២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។
*ទី៣៖ ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេសដូចជាបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំ ឲ្យចូលរួមជំនួស។
*ទី៤៖ ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram