ឃាត់ខ្លួនតៃកុងរថយន្តដឹកដី បើកវ៉ាជែងហុយដី ធ្វើការអប់រំ និងកិច្ចសន្យា…
កណ្ដាល: ដោយមានការចង្អុលបង្ហាញពីលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងក្រុមការងាប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១ ។
គណនី ហ្វេសបុក (Facebook) សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សាររបស់ផេក (page) ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សូមធ្វើការឆ្លើយតប ជូនគណនីហ្វេសប៊ុក(Facebook) ដែលមានខ្លឹមសារថា៖
ខ្ញុំបាទសូមគោរពដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និង
មន្ត្រីក្រោមឱវាទ សូមមេត្តាជួយមកពិនិត្យនៅឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ផងចុះ ព្រោះឡានដឹកដីបើកបរយ៉ាងអាណាធិបតេយ្យ វ៉ាជែងគ្មានគិតពីសុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀតដឹកដីជ្រុះពេញផ្លូវថ្នល់បណ្ដាលឲ្យហុយ ប៉ះពាល់ដល់សុខភាព និង អ្នកជិះម៉ូតូតាមដងផ្លូវ ហើយពេលខ្លះស៊ីផ្លេដេញគ្នាដូចប្រណាំងឡានស្ទើរតែគាំងបេះដូង ។ សូមមេត្តាជួយរកដំណោះស្រាយផង ព្រោះនេះជាលើកទី ២ ហើយដែលខ្ញុំរាយការណ៍ ព្រោះលើកទី ១ មិនទទួលបានលទ្ធផលសោះ ។
ជាលទ្ធផល៖ ក្រោយពីទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានបញ្ជាទៅលោក អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកាកែវឲ្យដឹកនាំកម្លាំងចុះទៅ ពិនិត្យមើលដល់ទីតាំងផ្លូវលេខ៣៨០គឺមានស្ថានភាពជ្រុះដី ហុយពិតប្រាកដមែនហើយចំពោះការបើកវ៉ាជែង បើមានសមត្ថកិច្ចល្បាតតាមដងផ្លូវពួកក្រុមឡានដឹកដីនេះពុំហ៊ានធ្វើសកម្មភាពវ៉ាជែងស៊ីផ្លេដេញគ្នាឡើយ។
សមត្ថកិច្ចក៏បានអនុវត្តន៍ជំនាញធ្វើការហៅពួកគាត់ធ្វើត្រួតពិនិត្យ និងណែនាំអប់រំពីច្បាប់ចរាចរណ៍ ហើយបានឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់ការបើកល្បឿនលឿនវ៉ាជែង និងឲ្យគ្របដីមិនឲ្យជ្រុះ លើថ្នល់បណ្តាលឲ្យប្រឡាក់ថ្នល់ហុយប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងអ្នកធ្វើដំណើរ ហើយពួកគាត់បានសន្យាអនុវត្តន៍ឲ្យបានតាមការណែនាំ៕




