ទ្រាំលែងបាន! អ្នកស្រុកអង្គរធំនាំគ្នាបិទផ្លូវមិនឱ្យឡានធុនធំៗធ្វើចរាចរណ៍…
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋនៅស្រុកអង្គរធំជាង១០០នាក់ បាននាំគ្នាបិទផ្លូវ មិនឱ្យរថយន្តធុនធំធ្វើចរាចរណ៍ ដោយសារទ្រាំនឹងទង្វើរបស់ក្រុមហ៊ុនលែងបាន និងហុយខ្លាំងពេក ហើយរថយន្តដែលឆ្លងកាត់ស្រុកមានចំនួន ៣គឺ ស្រុកអង្គរធំ, ស្រុកវ៉ារិន និង ស្រុកអង្គរជុំ ខេត្តសៀមរាបផងដែរ។ហេតុការណ៍ពលរដ្ឋបិទផ្លូវនោះបានកើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវគ្រោះក្រហម ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

បើតាមប្រភពបានពីសមត្ថកិច្ចស្រុកអង្គរធំបានប្រាប់ថា បើតាមការអោយដឹងពីប្រជាពលរដ្ឋនាំគ្នាបិទផ្លូវមិនឱ្យរថយន្តធំៗដូចជា ដឹកដី ដឹកថ្ម ធ្វើដំណើរឆ្លងកាត់នៅលើដងផ្លូវមួយនេះ ដោយសារមូលហេតុដីហុយខ្លាំងពេក បង្កឱ្យមានបញ្ហាដល់សុខភាពកូនចៅ និងការហូបចុក ហើយធ្វើឱ្យកូនៗរបស់ពួកគាត់កើតជាជម្ងឺក្អកស្ងួត សឹងរាល់ថ្ងៃផងដែរ។ តាមប្រភពខាងលើបានបញ្ជាក់ថា ជាមួយនឹងការបិទផ្លូវនេះ ប្រជាពលរដ្ឋបានទាមទារ សូមឱ្យក្រុមហ៊ុនឡានដឹកដីមានការស្រោចទឹកក្នុង១ថ្ងៃ៣ដង ដើម្បីកុំឱ្យហុយធូលីដីខ្លាំងពេក។

សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះប្រជាពលរដ្ឋ ក៏មានការបិទផ្លូវម្តងផងដែរ ដោយសារទ្រាំនិងការហុយខ្លាំងពេក មិនបាន។ បើទោះបីជាពលរដ្ឋ នាំគ្នាបិទផ្លូវ យ៉ាងណាក៏ដោយ អាជ្ញាធរស្រុកអង្គរធំ ហាក់មិនមានចំណាត់ការ ចុះដោះស្រាយជូនប្រជាពលរដ្ឋឡើយ ដោយទុកឱ្យក្រុមហ៊ុនទាំងនោះ ដឹកជញ្ជូនតាមតែអំពើចិត្ត។

បន្ទាប់ពីមានពលរដ្ឋបិទផ្លូវរួចមក លោក សំ សៅ អភិបាលរងស្រុកអង្គរធំ និងលោក នាយករដ្ឋបាល និងសហការី កងកម្លាំងសមត្ថកិច្ច មេឃុំពាក់ស្នែង បានចុះជួបជាមួយនឹងពលរដ្ឋ ក្នុងឃុំពាក់ស្នែង ដើម្បីការសម្រុះសម្រួលរឿងករណីបិទផ្លូវ មិនឱ្យក្រុមហ៊ុនធ្វើអាជីវកម្មដឹកថ្ម ដឹកដី ឆ្លងកាត់លើបណ្តោយផ្លូវ 2SR2 ក្នុងភូមិសាស្ត្រស្រុកអង្គរធំ ដោយលើកឡើងនូវសំណូមពរ៣ចំណុចសំខាន់ៗ ដូចជា ១-សូមឱ្យក្រុមហ៊ុនស្រោចទឹក តាមបណ្តោយផ្លូវ ២-សូមបើកបរបន្ថយល្បឿន និង៣-សូមមានការជួសជុលផ្លូវឡើងវិញ ផងដែរ។

ក្នុងនោះដែរ លោក សួន សុភាព នាយកផ្នែកលក់ តំណាងឱ្យក្រុមហ៊ុនជានចុងវ៉ាង ចៅ របស់ឯកជន ព្រោះ ក្រុមហ៊ុនលោក ទើបមកបើកដឹកថ្មនេះបានរយៈពេល១២ថ្ងៃគត់ដោយសន្យានៅចំពោះមុខ អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋថា ប្រការ១-ជួសជុលផ្លូវឡើងវិញ។ ប្រការ២-ស្រោចទឹកយ៉ាង តិច៣ដងក្នុង១ថ្ងៃ។ នឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ នេះតទៅ និងប្រការ៣-ដាក់ផ្លាកសញ្ញា និងបើកបរឱ្យបន្ថយល្បឿន។

លោកបានបញ្ជាក់បន្តថា ពាក់ព័ន្ធ ផ្លូវក្នុងមូលដ្ឋាននោះ មានចំនួន២ស្រុក គឺ ៖ ស្រុកអង្គរជុំ និង ស្រុកអង្គរធំ ដល់ស្រុកវ៉ារិន មួយ ទៀត ។ ចំណែក ក្រុមហ៊ុន ជាន ចុង វ៉ាង ចៅ របស់ ឯក ជន ដែល មាន លោក ជាតំណាងឱ្យនោះ គឺ ទើបចាប់ផ្តើមដំណើរ ការលក់ថ្ម ១២ ថ្ងៃគត់ ហើយក្នុងនោះដែរ ដែលខាងអជ្ញារធរឱ្យទៅជួប ជាមួយប្រជាពលរដ្ឋ ពុំឃើញមានមុខ តំណាងក្រុមហ៊ុន ទាំង៤នោះទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុនកិនថ្មទាំងអស់មាន៥នោះ គឺ ៖ ទី១-លោក អ៊ុក ដា លី តំណាងឱ្យក្រុមហ៊ុន ស៊ុន សាន (ជាង១០ឆ្នាំ)។ ទី២-លោក ជា ចាន់ ណា តំណាងឱ្យក្រុមហ៊ុន ហុងយ័ង បើកបានរយៈពេល១០ឆ្នាំ ។ ទី៣-លោក នួន នៅវីរៈវុធ តំណាងឱ្យក្រុមហ៊ុនអង្គរថ្ម ផ្លែន ជាង១០ឆ្នាំ និង ទី៤-លោក ប៉ោ គឹមលី តំណាងក្រុមហ៊ុនសំណាងថ្មី (ជាង១០ឆ្នាំ) ទី៥-លោក សួន សុភាព (ម៉ីង) នាយកផ្នែកលក់ តំណាងឱ្យក្រុមហ៊ុន ជាន ចុង វ៉ាង ចៅ របស់ ឯក ជន ទើបបើកបានរយៈពេល១២ថ្ងៃគត់ ដែលជាកូនពៅ។

ក្នុងមូលដ្ឋានស្រុកអង្គរជុំ ក្នុងភូមិសាស្ត្រឃុំគោគដូង ហើយក្រុមហ៊ុនទាំងនោះ ប្រកបមុខរបររកស៊ីបើកអាជីវកម្មដឹកថ្មទាំងអស់នោះ ខ្លះមានដល់ជាង១០ឆ្នាំក៏មាន ប៉ុន្តែមិនដែលធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្តម្តងណាឡើយ ប្រហែលមកពីក្រុមហ៊ុនអាងមានលុយ មិនគិតពីសុខភាពទុក្ខឱ្យប្រជាពលរដ្ឋហិតដីជារៀងរាល់ថ្ងៃទៀតផង ទើបពួកគាត់នាំគ្នាសម្រចបិទផ្លូវបែបនេះ។

ក្រោយពីធ្វើការសម្រុះសម្រួលជាមួយតំណាងក្រុមហ៊ុនមកតែម្នាក់ ត្រូវបានបញ្ជប់ ហើយប្រជាពលរដ្ឋ ក៏ព្រមបានបើកផ្លូវឱ្យមានរថយន្ត ធំៗធ្វើចរាចរណ៍ឡើងវិញធម្មតា តាមសំណូម និងរបស់អាជ្ញាធរស្រុកផងដែរ៕


