លោក នេត្រ ភក្ត្រា បានថ្លែងថាឡដុតសំរាមសំណល់រឹងដែលជាការផ្តល់ជូនរបស់ក្រសួងបរិស្ថានដល់រដ្ឋបាលខេត្តកែប មិនត្រឹមតែ

ជាសមិទ្ធផលថ្មីសន្លាងមួយទៀត នៅលើទឹកដីខេត្តកែបទេ តែជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់មធ្យោបាយគាំទ្របន្ថែម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់


(កែប): លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាឡដុតសំរាមសំណល់រឹងដែលជាការផ្តល់ជូនរបស់ក្រសួងបរិស្ថានដល់រដ្ឋបាលខេត្តកែប មិនត្រឹមតែជាសមិទ្ធផលថ្មីសន្លាងមួយទៀត នៅលើទឹកដីខេត្តកែបទេ តែជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់មធ្យោបាយគាំទ្របន្ថែម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។


ការថ្លែងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងអំឡុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឡដុតសំរាម សំណល់រឹង សំណល់គ្រោះថ្នាក់ពីមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ឬសំណល់វេជ្ជសាស្ត្រពីមន្ទីរព្យាបាល និងមណ្ឌលសុខភាពនៅក្នុងខេត្តកែប។
លោកបានគូសបញ្ជាក់ថា សមិទ្ធផលថ្មីនេះនឹងចូលរួមសម្អាតអនាម័យបរិស្ថានខេត្តកែប ឱ្យកាន់តែស្អាត និងជាពិសេសគឺផ្តល់ភាពជឿជាក់របស់ពលរដ្ឋលើរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងបានល្អលើសំណល់ចេញពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩។


មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកែប ដែលបានសម្របសម្រួល និងរៀបចំទីតាំងសម្រាប់ដំឡើងឡដុតសំរាមសំណល់រឹង ដែលមានសត្ថភាពដុតកម្ទេចសំរាមសំណល់រឹងចន្លោះពី ៥ តោនទៅ៧តោនក្នុងមួយថ្ងៃ ដើម្បីបម្រើឱ្យការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
ជាមួយគ្នានេះលោករដ្ឋលេខាធិការ បានបន្តថា ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួងបរិស្ថាន បានបន្តគាំទ្ររដ្ឋបាលមូលដ្ឋាន តាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឈានឆ្ពោះទៅរក ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ តាមការបញ្ជាក់ឡដុតសំរាមសំណល់រឹងនៅខេត្តកែបនេះ គឺជាឡ១ ក្នុងចំណោមឡចំនួន៥៤ ដែលក្រសួងបរិស្ថាន បានបំពាក់ក្រុងស្រុកនិងអង្គភាពចំនួន៥៤ ក្នុងរាជធានី-ខេត្តចំនួន២០។ ក្រសួងបរិស្ថានបាននឹងកំពុងបន្តបំពាក់ឡដុតសំរាមសំណល់រឹងនេះនៅតាមបណ្តាទីតាំងមួយចំនួនទៀតដែលមានភូមិសាស្ត្រ ឆ្ងាយពីទីលានចាល់សំរាម ឬតម្រូវការចាំបាច់។


បើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ឡដុតសំណល់រឹងសំរាមដែលបានដំឡើងរួចបាននឹងកំពុងចូលរួមដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័កខណៈឡទាំងនេះ គឺជាជំនួយបន្ថែមលើឡដុតសំណល់វេជ្ជសាស្ត្រដែលមានស្រាប់នៅតាមមន្ទីរពេទ្យ និងតាមមណ្ឌលសុខភាពនានាទូទាំងប្រទេសកម្ពុជា។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ការគ្រប់គ្រង និងវេចខ្ចប់សំណល់រឹងសំរាមពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងពីអ្នកជំងឺព្យាបាលតាមផ្ទះបានល្អប្រសើរ រួមនឹងការបាញ់អាល់កុលសម្លាប់មេរោគផងនោះនឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។


យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ សំរាមសំណល់រឹងដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានប្រមាណ១០០តោន ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែអត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ។ នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប មណ្ឌលគិរី បាត់ដំបង ហើយនៅថ្ងៃទី២០ ខែកញ្ញានេះ គឺខេត្តកែប បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការឡដុតសំរាមសំណល់រឹងដែលមានបច្ចេកវិទ្យាខ្ពស់ក្នុងការដុតកម្ទេចសំណល់វេជ្ជសាស្ត្រ សំណល់ផ្សេងៗទៀត ដែលត្រូវបានប្រមូលយកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។
រដ្ឋលេខាធិការបានថ្លែងថា ចំពោះសំណល់វេជ្ជសាស្ត្រ បើយើងគ្រប់គ្រងមិនបានល្អទេ វានឹងក្លាយជាគ្រាប់បែកមេរោគបំផ្លាញសុខភាពពលរដ្ឋ។


បើតាម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងអំណរគុណចំពោះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់បំពាក់សម្ភារៈចាំបាច់នានាដល់រដ្ឋបាលខេត្តដើម្បីពង្រឹងភាពជាម្ចាស់លើការគ្រប់គ្រងអនាម័យបរិស្ថាន។
លោកបានថ្លែងថា សមិទ្ធផលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំក្រសួងបរិស្ថានទទួលបន្ទុកខេត្តកែបជាពិសេសលោករដ្ឋលេខាធិការ នេត្រ ភក្ត្រា ដែលបានខ្នះខ្នែងឡើងក្នុងបំណងគ្រប់គ្រងឱ្យមានប្រសិទ្ធភាពសំរាម សំណល់រឹងចេញពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងសំណល់វេជ្ជសាស្ត្រផ្សេងទៀត។

ដោយទទួលស្វាគមន៍សមិទ្ធផលថ្មីនេះ លោកអភិបាលខេត្តបានថ្លែងថា ឡដុតសំរាមសំណល់រឹងនេះពិតជាមានភាពចាំបាច់សម្រាប់ខេត្ត កែបដើម្បីប្រើប្រាស់ដុតសំណល់វេជ្ជសាស្ត្រ និងសំណល់មកពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនឱ្យមានការបោះចោលពាសវាលពាសកាលឡើយ។ លោកបានថ្លែងថារដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំណល់ទាំងនេះ។
ជាមួយគ្នានេះ លោកអភិបាលខេត្តកែប បានស្នើឱ្យរដ្ឋបាលក្រុងកែបដែលលទទួលភារកិច្ចក្នុងការគ្រប់គ្រងថែរក្សាឡដុតសំរាមនេះត្រូវ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង និងប្រើប្រាស់ជាប្រយោជន៍ក្នុងការសម្អាតអនាម័យបរិស្ថាន។
ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានសូមថ្លែងអំណរគុណរដ្ឋបាលខេត្តកែប មន្ទីរបរិស្ថាន និងមន្ទីរជំនាញក្រោមចំណុះខេត្តកែប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តនូវគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា។


ជាមួយគ្នានេះ ការគ្រប់គ្រងបានល្អនុវអនាម័យបរិស្ថាន គឺជាការចូលរួមអនុវត្តគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាពដែលលើកឡើងអំពីភូមិឃុំសង្កាត់ត្រូវតែមានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ ដែលសំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យក្នុងភូមិឃុំសង្កាត់ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះ ស្រាយសំរាម ធ្វើឱ្យភូមិឃុំសង្កាត់មានសោភ័ណភាព និងផាសុកភាព។ ជាមួយគ្នានេះរៀបចំឱ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារជាដើម។
លោករដ្ឋលេខាធិការបានថ្លែងថា ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជាពិសេសត្រូវវេចខ្ចប់សំណល់សំរាមពីមណ្ឌលព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ ជៀសវាងការបោះសំរាមចោលផ្តេសផ្តាសដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងផាសុកភាព។ ភូមិ-ឃុំ សហគមន៍ស្អាត គឺចាំបាច់ត្រូវការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។ ដើម្បីគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ និងបង្ការការឆ្លងសូមអ្នកជំងឺដែលព្យាបាលនៅតាមផ្ទះ ត្រូវដាក់សំរាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង និងដាក់ដាច់ដោយឡែកពីសំរាមរបស់អ្នកដទៃ ដើម្បីងាយស្រួលក្នុងការប្រមូល។
ជាមួយគ្នានេះ ត្រូវបាញ់ថ្នាំ ឬអាល់កុល សម្លាប់មេរោគកូវីដ១៩ នៅលើសំរាមទាំងក្នុងនិងក្រៅស្បោង ហើយទុកសំរាមដោយឡែកមុនពេលបញ្ចេញមកខាងក្រៅ។ ជាមួយការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឡដុតសំរាមសំណល់រឹង លោក នេត្រ ភក្ត្រា ជឿជាក់ថា ឡដុតសំរាមនេះនឹងចូលរួមគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវសំរាមសំណល់រឹង សំណល់វេជ្ជសាស្ត្រដែលមាននៅក្នុងខេត្តកែប៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram