ហេតុការណ៍ឆេះនៅផ្សារកអណ្ដើកបណ្តោលអោយ……
ព្រៃវែង ៖ ក្មេងប្រុសម្នាក់ បានស្លាប់ ៣នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីមានហេតុការណ៍អគ្គិភ័យឆេះផ្ទះមួយកន្លែង កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១២និង៤៥នាទីរសៀល នៅចំណុចភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គិភ័យនេះ បានឆេះផ្ទះរបស់ឈ្មោះ ឈួ ស្រ៊ុន ភេទប្រុស អាយុ៤៧ឆ្នាំ ហើយបានបណ្ដាលឲ្យខ្លោចជញ្ជាំងអ្នកជិតខាង តែមិនបណ្ដាលឲ្យឆេះទេ ដោយសារសមត្ថកិច្ចចេញរថយន្តពន្លត់ទាន់ពេលទប់ស្កាត់ទាន់ពេល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងទៀតថា ក្នុងករណីនេះ ធ្វើឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះ ឈួ ម៉េងជឺ ភេទប្រុស អាយុ៥ឆ្នាំ និងរងរបួស៣ស្រាល ២នាក់ធ្ងន់ ក្នុងនោះឈ្មោះ ឈួ សៀវអេង ភេទស្រី អាយុ២ឆ្នាំ (ជាកូនបង្កើតរបស់ឈួ ស្រ៊ុន ផ្ទះដើមហេតុ។ ម្ដាយរបស់ក្មេងនេះផងដែរ) និងខូចខាតរបស់របរមួយចំនួនធំ នៅមិនទាន់ដឹងច្បាស់។
របាយការណ៍បញ្ជាក់ទៀតថា ក្នុងករណីនេះដែរ បានចូលរួមសហការឡានទឹកចំនួនបួនស្រុក មានឡានទឹករបស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ស្រុកបាភ្នំ ស្រុកព្រះស្តេច និងអធិការដ្ឋានស្រុកស្វាយជ្រុំ។
ចំពោះហេតុការណ៍នេះមូលហេតុ បើតាមការបំភ្លឺពីសាក្សីផ្ទះជាប់គ្នាបានឲ្យដឹងថា បណ្តាលមកពីម្ចាស់ផ្ទះកើតហេតុ ធ្វើម៉ូតូរោទិ៍ទៅឆាបឆេះដបសាំងផ្ទះរបស់គាត់ផ្ទុះជាអណ្តាតភ្លើងតែម្តង។ ចំណែកទំហំនៃការខូចខាតនៅមិនទាន់សន្និដ្ឋានបានទេ។





