ព្យុះទី២១ឈ្មោះ«អេតូ»នឹងបង្កឱ្យកម្ពុជាធ្លាក់ភ្លៀងពីបង្គួរទៅច្រើនចាប់ពីថ្ងៃទី១០ដល់១២ខែវិច្ឆិកា….
(ភ្នំពេញ)៖ កម្ពុជានឹងរងកូនព្យុះទី២១ ឈ្មោះអេតូ ETAU បណ្ដាលឱ្យមានភ្លៀងខ្យល់ក្នុងកម្រិតបង្គួរ ទៅច្រើន ចាប់ពីយប់ថ្ងៃទី១០ ដល់១២ ខែវិច្ឆិកា ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ។
យោងការតាមដាន និងការវិវត្តនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វិសម្ពាធ ( Tropical Depression ) បាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះមកទិសបស្ចឹម ដោយបង្កើនឥទ្ធិពលរបស់ខ្លួនទៅជា កូនព្យុះ ទី ២១ ឈ្មោះ អេតូ ( ETAU ) ។
នៅថ្ងៃទី ១០ខែវិច្ឆិកា ឆ្នាំ ២០២០ តាមការព្យាករ ព្យុះនេះ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ ( Tropical Depression ) ។

ពេលចូលដល់លើឆ្នេរភាគខាងត្បូងប្រទេស វៀតណាម នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប ( Low Pressure )ពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជានៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖ បណ្តារាជធានី ខេត្តនៅតំបន់ខ្ពង់រាប ភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងខេត្តភាគខាងត្បូង នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីបង្គួរទៅច្រើន ។
បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីតិចទៅបង្គួរ និងរលកសមុទ្រមានកម្ពស់មធ្យម ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ ។
សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
