កសិករថ្ងូរ ស្រូវផ្ការំដួលសល់ពីទឹកលិច រួចបានផលលក់ តែឈ្មួញឱ្យតម្លៃថោក..
ខេត្តបន្ទាយមានជ័យ ៖ ស្រូវផ្ការំដួលដែលសល់ពីទឹកលិច ហើយបានផលក៏យកមកលក់ តែត្រូវឈ្មួញឱ្យតំលៃថោកជាងឆ្នាំមុនដែលកំពុងប្រមូលផលនៅស្រុកស្វាយចេក និងស្រុកថ្មពួក។ប្រជាកសិករបានប្រាប់ថា នៅអំឡុងខែកត្តិក ឬខែវិច្ឆិកា ត្រូវបានប្រជាកសិករប្រមូលផលស្រូវផ្ការំដួល និងស្រូវសូម៉ាលី ដែលជាប្រភេទស្រូវកណ្តាលជាបណ្តើរៗហើយ តែអកុសលអីឆ្នាំ២០២០នេះ ស្រូវដែលសល់ពីទឹកជំនន់លិចទទួលបានផលហើយ តែត្រូវឈ្មួញកណ្តាលទិញក្នុងតំលៃថោក ដោយក្នុង១តោនតំលៃ៨.០០០បាត គឺតំលៃថោកជាងឆ្នាំ២០១៩ ក្នុង១តោនតំលៃជាង១០.០០០បាត។ប្រជាកសិរបានបញ្ជាក់ថា នៅឆ្នាំ២០២០នេះទូទាំងខេត្តបន្ទាយមានជ័យ ទាំង៩ស្រុក-ក្រុងត្រូវបានរងគ្រោះដោយសារតែគ្រោះធម្មជាតិទឹកជំនន់បានជន់លិចស្រូវ បណ្តាលឱ្យប៉ះពាល់ និងខូចខាត រហូតមកដល់ពេលនេះមានស្រុក-ក្រុងមួយចំនួននៅតែមានទឹកមិនទាន់ស្រកឡើយ ។











ហើយមានស្រុក-ក្រុងមួយចំនួនទៀត ត្រូវបានទឹកស្រក ហើយស្រូវដែលសល់ពីទឹកលិចក៏ទទួលបានផលដូចជា ស្រូវដើមរដូវ និងស្រូវកណ្តាល ហើយក៏ត្រូវបានកប្រជាកសិករប្រមូលផលជាបណ្តើរៗ ដូចជាស្រូវសែនក្រអូប និងស្រូវផ្ការំដួល។ប្រជាកសិករក៏បានសំណុំពរដល់មន្ត្រីជំនាញជួយរកទីផ្សារស្រូវជូនប្រជាកសិករផង ជាពិសេសក្រុមហ៊ុនទិញស្រូវត្រូវឱ្យតំលៃស្រូវឱ្យបានសមរម្យផង កុំឱ្យឈ្មួញកណ្តាលទិញក្នុងតំលៃតាមតែមាត់ថា ឡើងៗ ចុះៗ តាមតែអំពើចិត្ត ធ្វើបាបតែប្រជាកសិករ ហើយប្រជាកសិករសុំតែតំលៃឱ្យបានដូចឆ្នាំមុនប្រសើរហើយ។បើយោងតាមរបាយការណ៍មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា តំលៃស្រូវផ្កាម្លិះស្ងួត១គីឡូក្រាម តំលៃ១,៥០០រៀល, ស្រូវផ្កាម្លិះសើម ១គីឡូក្រាមតំលៃ១,១៦០រៀល, ស្រូវសែនក្រអូបស្ងួត ១គីឡូក្រាមតំលៃ១,៤៣០រៀល, ស្រូវសែនក្រអូបសើម ១គីឡូក្រាមតំលៃ១,០៤០រៀល, ស្រូវនាងខុនស្ងួត ១គីឡូក្រាមតំលៃ១,២៣០រៀល, ស្រូវផ្កាខ្ញីស្ងួត ១គីឡូក្រាមតំលៃ១,២៤០រៀល, ស្រូវអ៊ីអៀ៨៥សើម ១គីឡូក្រាមតំលៃ៨០៥រៀល និងស្រូវ៥១.៥៤សើម ១គីឡូក្រាមតំលៃ៨២០រៀលផងដែរ ៕
