ខំសន្សំជាង៣ពាន់ដុល្លារទុកបង់ធនាគារ ក៏បាត់ លុះឆែកកាមេរ៉ាទើបដឹង…
រាជធានីភ្នំពេញ ៖ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ស្ត្រីម្នាក់ខំរកស៊ីសន្សំលុយបានជាង៣ពាន់ដុល្លារដាក់នៅក្នុងកាបូបមួយទុកនៅក្នុងតូបលក់ដូរបម្រុងទុកសម្រាប់បង់បំណុលធនាគារនៅថ្ងៃខាងមុខ ស្រាប់តែភ្លេចខ្លួនមួយភ្លែតត្រូវចោរម្នាក់ចូលទៅលួចយករួចគេចខ្លួនបាត់ស្រមោល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើឈ្មោះលី ស្រីនាង អាយុ៣១ឆ្នាំ មានទីលំនៅភូមិកើតហេតុ នាងបញ្ជាក់ថានៅក្នុងកាបូបដែលចោរលួចយកទៅនោះរួមមានលុយជាង៣ពាន់ដុល្លារ កាតទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែផងដែរ ។ស្ត្រីរូបនេះបានបន្តឲ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នាងនិងប្ដីបានទៅចូលរួមពិធីមង្គលការសាច់ញាតិ ហើយដោយសារតែអត់មានអ្នកនៅចាំផ្ទះនាងបានសម្រេចយកលុយជាង៣ពាន់ដុល្លារដែលសន្សំបម្រុងទុកបងធនាគារនៅក្នុងទូដាក់ចូលក្នុងកាបូបស្ពាយយកទៅតាមខ្លួន ដោយមិនហ៊ានទុកនៅផ្ទះឡើយ ព្រោះខ្លាចបាត់បង់។លុះក្រោយពេលត្រឡប់មកដល់ផ្ទះវិញបាននាំគ្នាចូលដេកនិងពុំបានយកលុយនោះទុកនៅកន្លែងដើមវិញទេ រហូតដល់ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ដែលជាថ្ងៃកើតហេតុក៏ពុំបានយកលុយទុកក្នុងទូវិញដែរនាងបានស្ពាយជាប់ខ្លួនរហូត។

តាមប្រភពដដែលបានបន្តទៀតថា ក្រោយមកនាងដោះកាបូបដាក់លើខ្នងទូក្នុងតូបលក់ដូររួចបានដើរទៅខាងក្រោយរៀបចំយកម៉ូតូជិះជូនកូនទៅផ្ទះដែលស្ថិតនៅក្នុងបរិវេណដីឡូត៌តែមួយនោះដែរ ប៉ុន្តែបញ្ឆេះម៉ូតូអត់ឆេះសោះហើយក៏ មិនបានត្រឡប់មកតូបវិញភ្លាមៗដែរ។

លុះរយៈពេលកន្លះម៉ោងក្រោយមក ទើបនឹកឃើញកាបូបលុយហើយដើរចូលទៅមើលស្រាប់តែបាត់មិនឃើញ ទើបមានការភ្ញាក់ផ្អើលហើយឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ពណ៍ខ្មៅកាំបន្ទះពណ៍ស១គ្រឿងទៅឈប់ជិតរួចដើរចូលទៅធ្វើសកម្មភាពលួចយកកាបូបលុយហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។តាមរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពបានបង្ហាញថាជនសង្ស័យវ័យក្មេងមានអាយុប្រមាណជាង២០ឆ្នាំពុំមានប្រើម៉ាស់បិទមុខឡើយ ហើយម៉ូតូនោះត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់ស្លាកលេខថែមទៀតផងដែលសង្ឃឹមថានគរបាលខណ្ឌកំបូលអាចនិងស្រាវជ្រាវរកមុខសញ្ញាចោរកម្មនោះឃើញមិនខានឡើយ ចំណែកជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងរួចរាល់ហើយដែរ៕





