រដ្ឋាភិបាលសម្រេចបិទក្លឹបកម្សាន្ត រោងភាពយន្ត ខារ៉ាអូខេ និងសារមន្ទីរនៅទូទាំងប្រទេសជាថ្មីម្តងទៀត…
រាជធានីភ្នំពេញ ៖ ដោយមានការព្រួយបារម្ភពីការឆ្លងនិងការរីករាលដាលនៃវីរុសកូវីដ ១៩ នៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ ក្រោយពីរកឃើញមានមនុស្សជាច្រើនបានពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលជាមួយគណៈប្រតិភូហុងគ្រីដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជាហើយក្រោយមកក៏រកឃើញរដ្ឋមន្ត្រីការបរទេសហុងគ្រីកើតកូវីដ ១៩ នោះ ។

សុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា «ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លោកជំទាវ អភិបាលនៃ គណៈអភិបាលរាជធានី-ខេត្ត មេត្តាជ្រាបថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។សូមបញ្ជាក់ថាការបិទនេះគឺ អនុវត្តចាប់ពីថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកានេះក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា មានអ្នកកើតកូវីដ ១៩ នៅកម្ពុជាសរុប ២៩៥ នាក់ ក្នុងនោះស្ត្រីមាន ៦០ នាក់និងបុរស ២៣៥ នាក់ ។ ក្នុងនោះអ្នកជាសះស្បើយកូវីដ ១៩ មានចំនួន ២៨៨ នាក់ ៕






