អាជីវកម្មតាមអនឡាញជួយជំរុញសេដ្ឋកិច្ច និងជីវភាពពលរដ្ឋកម្ពុជាកាន់តែខ្លាំងឡើង…
រាជធានីភ្នំពេញ៖ បច្ចុប្បន្នេះ ការធ្វើជំនួញតាមអនឡាញ នៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថា កំពុងមានសកម្មភាពផុលផុសឡើង កាន់តែខ្លាំង ដោយសារអ្នកធ្វើអាជីវកម្មទាំងនេះ មានចំនួនកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាការកត់សម្គាល់នោះ គឺអាជីវកម្មបែបនេះបានផ្លាស់ប្តូរកម្រិតជីវភាព ជាពិសេស សម្រាប់អ្នកជំនួញធំៗបាន និងកំពុងចាប់ផ្ដើមកែប្រែស្ទើរតែ១៨០ដឺក្រ។

លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានថ្លែងនៅក្នុងពិធីសម្ពោធរង្វាន់ផ្ទះវីឡាទំនើបបែបថៃ ថា ការធ្វើជំនួញតាមអនឡាញ បានរួមចំណែកយ៉ាងសំខាន់មួយ សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ជាក់ស្ដែង តាមរយៈក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលបាន និងកំពុងធ្វើអាជីវកម្មយ៉ាងច្រើន តាមអនឡាញ ហើយក្រុមហ៊ុនបានជួយដល់តំណាងចែកចាយ និងអ្នកលក់របស់ខ្លួនរាប់សែននាក់ ថែមទៀតផង។

លោកឧកញ៉ា បានបន្តថា អ្នកខ្លះរកស៊ី តាមអនឡាញនេះ ក៏ទទួលបានជោគជ័យ ដោយកែប្រែជីវភាពរបស់ពួកគេ រហូតមានលទ្ធភាពសង់ផ្ទះ ទិញរថយន្ដ វីឡានិងអាចមានលទ្ធភាព ក្នុងការជួយដល់សង្គមថែមទៀតផង។ រីឯអ្នកធ្វើជំនួញតាមអនឡាញ មិនចាំបាច់ប្រចាំត្រូវការនូវការិយាល័យ ឬកន្លែងធ្វើការនោះឡើយ។ សូម្បីតែពួកគេនៅតែផ្ទះ ក៏អាចរកស៊ីរបរនេះបានដែរ ហើយពួកគេក៏មានពេលវេលាគ្រប់គ្រាន់ ក្នុងការមើលថែកូនៗ និងកិច្ចការផ្ទះផ្សេងៗថែមទៀតផង។ ប៉ុន្ដែអ្វីដែលពួកគេចាំបាច់បំផុត គឺមានតែទូរស័ព្ទ ក៏អាចរកចំណូលបានជាមធ្យម ចន្លោះពី៣០០ដុល្លារឡើងទៅ ឬរហូតរាប់ពាន់ដុល្លារក៏មានដែរ។ ដូច្នេះអ្នករកស៊ីពិតប្រាកដ គឺអ្នកនឹងទទួលបានជោគជ័យខ្ពស់ និងផ្លាស់ប្តូរជីវិតដោយខ្លួនឯងបាន » ។

លោកឧកញ៉ា អ៊ុច សម្បត្តិ បានបន្ថែមថា ក្នុងដំណាក់កាល នៃកូវីដ-១៩នេះ បានបង្កផលប៉ះពាល់ដល់អាជីវកម្មអនឡាញនៅកម្ពុជាដែរ ហើយក្រុមហ៊ុនគ្រួសារកក់ក្ដៅ ក៏រងផលប៉ះពាល់ដូចគ្នា តែវាមិនមែនប៉ះពាល់ខ្លាំងនោះទេ ហើយវាគ្រាន់តែបង្អាក់ដល់ការរីកលូតលាស់ទៅមុខទៀតរបស់ក្រុមហ៊ុនអនឡាញនានាតែប៉ុណ្ណោះ។ បើទោះជាជួបនឹងបញ្ហា នៃជំងឺកូវីដ-១៩ក្តី ក៏អាជីវកម្មតាមអនឡាញ នៅតែបន្តដំណើរទៅមុខទៀត ជាមួយនឹងយុទ្ធសាស្ត្ររបស់ខ្លួន។ ជាក់ស្ដែង ក្រុមហ៊ុនគ្រួសារកក់ក្ដៅរបស់លោក បានជំរុញដល់ការលក់បន្តទៀត តាមរយៈកិច្ចសន្យាធានាទទួលយកផលិតផលមកវិញ បើសិនជាលក់មិនអស់ ។








លោកឧកញ៉ា បានបញ្ជាក់ថា ដើម្បីលើកទឹកចិត្ត និងជំរុញឲ្យមានការលក់កាន់តែខ្លាំងឡើងថែមទៀតនោះ ក្រុមហ៊ុនរបស់លោកបានផ្ដល់ជារង្វាន់ផ្ទះវីឡាដល់ដៃគូណាដែលលក់បានច្រើនជាងគេ។ ជាក់ស្ដែង ផ្ទះវីឡាដែលប្រគល់ជូននៅពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុករបស់ក្រុមហ៊ុនទៅលើតំណាងចែកចាយរបស់ខ្លួន។ ដូច្នេះអ្នកណាមានការខិតខំប្រឹងប្រែងខ្លាំង ពួកគេនឹងទទួលបាននូវអ្វីដែលសមនឹងការខិតខំប្រឹងប្រែងរបស់ពួកគេ ជាក់ជាមិនខាន៕
