ក្រុមដោះអន្ទាក់សត្វព្រៃ នៃអង្គការ WCS ជួយសង្គ្រោះសត្វជ្រូកព្រៃធំមួយក្បាល ដែលជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃកែវសីមា…

ខេត្តមណ្ឌលគីរី ៖ ក្រុមដោះអន្ទាក់សត្វព្រៃ នៃអង្គការ WCS បានប្រទះឃើញសត្វជ្រូកព្រៃធំមួយក្បាល កំពុងជាប់អន្ទាក់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ប្រសិនបើគ្មានក្រុមដោះអន្ទាក់ជួយសង្គ្រោះទេ វានឹងងាប់បន្ដិចម្ដងៗដោយសារតែភាពឈឺចាប់។


យោងតាមគេហទំព័រហ្វេសប៊ុករបស់ WCS នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា អន្ទាក់ចាប់សត្វព្រៃត្រូវបានកែច្នៃធ្វើឡើងអំពីខ្សែហ្រ្វាំងម៉ូតូ ឬខ្សែកាបដោយវាទាញភ្ជាប់ទៅនឹងដើមឈើ។ ខ្សែអន្ទាក់មានប្រសិទ្ធិភាពយូរអង្វែងមិនងាយខូចឡើយ។ ដូច្នេះក្រោយពេលដែលព្រានព្រៃបោះបង់ចោលអន្ទាក់ទាំងនោះ នៅតែបង្កគ្រោះថ្នាក់ដល់សត្វព្រៃជារៀងរាល់ថ្ងៃ។

WCS បន្ថែមថា ជ្រូកព្រៃអាចខឹងនៅពេលមនុស្សរំខានវា ហើយវាអាចនឹងខាំតបតវិញ។ ក្រុមការងារបានគិតទុកមុនថា ពួកគេនឹងត្រូវគេចខ្លួនទៅទីណា ដើម្បីសុវត្ថិភាព នៅពេលដែលជ្រូកព្រៃនេះ រួចពីអន្ទាក់។
WCS រៀបរាប់ថា ក្រុមការងារបានសង្កត់ជ្រូកព្រៃទៅនឹងដី ដើម្បីកុំឲ្យវារើបង្រះ និងបានកាប់ផ្ដាច់អន្ទាក់ ដើម្បីដោះលែងវា។ ក្រុមការងារ បានកាត់ផ្ដាច់ ផ្នែកចុងក្រោយ របស់អន្ទាក់ បានរត់ឡើងលើដើមឈើយ៉ាងលឿន ដើម្បីគេចខ្លួនពីការវាយប្រហារ របស់ជ្រូកព្រៃ។

WCS បន្ដថា អន្ទាក់ប្រភេទនេះ អាចសម្លាប់សត្វព្រៃគ្រប់ប្រភេទ រួមទាំង សត្វដំរី ស្វា និងបក្សី។ ក្រុមការ ងារបានដោះអន្ទាក់ប្រភេទនេះ បានប្រហែល១០.០០០ អន្ទាក់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram