កំពង់ស្ពឺ÷ជនសង្ស័យ០២នាក់ រួមគ្នាសម្លាប់ជនសតិមិនប្រក្រតីម្នាក់សែងទម្លាក់ទឹកក្បែរការដ្ឋានផ្លូវល្បឿនលឿនត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌសហការជាមួយកំលាំងនគរបាលអធិការស្រុកសំរោងទង ចាប់ឃាត់ខ្លួនហើយ
កាលពីវេលាម៉ោង ០៦និង៣០នាទី នាថ្ងៃទី០១.០១.២០២០ នៅចំណុចរណ្តៅប្រឡាយទឹកបង្គោលខ្សែភ្លើង ក្បែរការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ខេត្តព្រះសីហនុ រាជធានីភ្នំពេញខាងត្បូងផ្លូវជាតិលេខ៤ ប្រហែល៥០ម៉ែត្រ ស្ថិត ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង មានប្រជាពលរដ្ឋបានប្រទះឃេីញសាកសព បុរសម្នាក់ គ្មានពាក់អាវ ស្លៀកខោខ្លីត្រឹមជង្គង់ បានរត់មករាយការណ៍ជូនសមត្ថកិច្ច ចុះពិនិត្យជាក់ស្ដែងគឺ ជនរងគ្រោះមាន ឈ្មោះ រឿន សារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមការបញ្ជាក់ពីមេភូមិ ជាមនុស្សមានស្មារតីមិនប្រក្រតី។

ក្រោយទទួលបានព័ត៌មានពីករណីសាកសពនៅប្រឡាយទឹក ការិយាល័យជំនាញបច្ចេកទេសខេត្តបានចុះពិនិត្យដល់ទីតាំងផ្ទាល់ ដោយមានការចូលរួមសហការពីគណៈកម្មការកោសល្យវិច្ច័យខេត្ដ រួមជាមួយអាជ្ញាធរដែនដី។ តាមការបញ្ជាក់ឲ្យដឹងពីលោកអធិការនគរបាលស្រុកសំរោងទង ថាជនរងគ្រោះ មានទីលំនៅក្នុងឃុំវល្លិសរ ស្រុកសំរោងទង ប្រាកដមែន ក្នុងការពិនិត្យជាលទ្ធផលរកឃេីញលេីដងខ្លួនជនរងគ្រោះមានស្លាកស្នាមវាយនិងវត្ថុរឹង ស្នាមរយែសសាច់ចំស្មងជេីងខាងស្ដាំរលាត់ដាច់ដល់ឆ្អឹង ស្បែកលើទ្រូង រលាត់ដោយសារក្រុមជនសង្ស័យ អូសសាកសពទៅទំលាក់ក្នុងប្រឡាយទឹក។

ស្នងការនគរបាលខេត្ដ ឲ្យជំនាញបន្ដបេីកការស្រាវជ្រាវ រកជនដៃដល់ជំនាញការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកំលាំងអធិការនគរបាលស្រុកសំរោងទង បានធ្វើការស្រាវជ្រាវ និងកំណត់បាននូវមុខសញ្ញាសង្ស័យ
លទ្ធផលកិច្ចប្រតិបត្តិការស្រាវជ្រាវ គឺឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០២នាក់ ៖ ១.ឈ្មោះ សាន សឿន ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ កម្មករខួងដី ឲ្យក្រុមហ៊ុនសាងសង់ផ្លូវ «អ្នកវាយសម្លាប់»

២.ឈ្មោះ សំ ភាព ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិស្រែវាល ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ ធំ មុខរបរ កម្មករខួងដី ជាអ្នកជួយសែងសាកសពបោះចោល។ មូលហេតុ មកពីជនដៃដល់ខឹងនិងជនរងគ្រោះដេីរទៅបង្កអុកឡុក និងមានអាការៈស្រវឹងស្រា គួបផ្សំផង។

បច្ចុប្បន្នជនដៃដល់ និងអ្នកសមគំនិតត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការដេីម្បី ចាត់ការតាមនីតិវិធីច្បាប់៕
