កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងក្រសួងសុខាភិបាល ៖

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដែលដឹកនាំដោយឯកអគ្គរដ្ឋទូត មៃឃើល មីចាឡាក់ (Amb. Michael Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់(US-ABC) តាមរយៈវីដេអូអនឡាញ នៅទីស្តីការក្រសួងសុខាភិបាល។

លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ថា បើទោះបីជាពិភពលោកកំពុងជួបវិបត្តិ ដោយសារតែជំងឺកូវីដ-១៩ ដែលរុញអោយសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងណាក្ដី សូមធុរជន អាមេរិក ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា កុំមានការព្រួយបារម្ភ ក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការធ្វើកំណែទម្រង់ផ្សេងៗ និងប្រព័ន្ធលើកទឹកចិត្តថ្មីៗនៅក្នុងកិច្ចអភិវឌ្ឍន៌សង្គម ។

ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កការលំបាក ជាច្រើនដល់កិច្ចដំណើរការនៃការងារសង្គម និងសេដ្ឋកិច្ច ក៏ប៉ុន្តែក្រសួងសុខាភិបាលមិនបន្ថយល្បឿននៃការងារកំណែទម្រង់ ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកកកម្ពស់គុណភាពសេវាសុខាភិបាលដែរ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហអាមេរិក ក៏ដូចជាក្រុមហ៊ុនមួយចំនួន ដែលមានកិច្ចសហប្រតិបតិ្តការជាមួយក្រសួង សុខាភិបាលបានយ៉ាងល្អប្រសើរ ដែលកន្លងមក បានជួយដល់វិស័យសុខាភិបាលជាច្រើន ជាពិសេស ក្នុងកាលៈទេសៈដែលយើងបាន និងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ជម្រាបអង្គប្រជុំថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន២៧៥ករណី ហើយមានតែ ០១ករណី ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមិនមានករណីស្លាប់ដោយសារជំងឹកូវីដ-១៩ នោះទេ។ ដោយឡែក ក្រសួងសុខាភិបាលក៏មិនទាន់ឃើញមានការចម្លងនៃវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍នៅឡើយដែរ។ ការគ្រប់គ្រង និងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពគួរជាទីមោទនៈនេះ គឺបានមកដោយសារការដឹកនាំដ៏ឈ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ និងដាក់ចេញនូវវិធានការណ៍នានាបានទាន់ទាន់ពេលវេលា និងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។


លើសពីនេះ លោកជំទាវបានលើកទឹកចិត្តដល់វិនិយោគិនអាមេរិកទាំងអស់ ធ្វើអាជីវកម្មរបស់ខ្លួនដោយអនុលោមតាមច្បាប់ដែលមានជាធរមាននៅកម្ពុជា ដើម្បីផ្តល់ជូនប្រជាជនកម្ពុជានូវផលិតផល និងសេវាសុខភាពដែលមានគុណភាព និងចូលរួមប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ជាមួយក្រសួងសុខាភិបាល ដែលជាកិច្ចការអាទិភាពមួយក្នុងចំណោមអាទិភាពដ៏ច្រេីន ក្រោមការចង្អុលបង្ហាញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវ ក៏បានស្នើឲ្យតំណាងក្រុមហ៊ុន ទាំងអស់ជួយផ្សព្វផ្សាយបន្តអំពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយទាក់ទាញ វិនិយោគិនអាមេរិកមកធ្វើការវិនិយោគ លើវិស័យសុខាភិបាលបន្ថែមទៀតនៅកម្ពុជា ជាពិសេសលើផ្នែកបង្កើនសមត្ថភាពរបស់មន្ទីរពេទ្យ ការបណ្តុះបណ្តាល និងការធ្វេីទំនេីបកម្មបច្ចេកវិទ្យាសុខាភិបាល តាមបែបឌីជីថល ។
ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានជូនពរគណៈប្រតិភូវិនិយោគិនសហរដ្ឋអាមេរិក ទាំងអស់ ប្រកបដោយសុខភាពល្អ និងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

អត្ថបទដោយ៖ លោកវេជ្ជបណ្ឌិត ហ៊ីម សុក្រី អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាល។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram