វិមានក្រឹមឡាំងថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែន សម្រេចបានលទ្ធផលសូន្យ ដោយសារតែគ្មានវត្តមានរុស្ស៉ី ដែលជាភាគីជម្លោះផ្ទាល់ …

(មូស្គូ)៖ នាថ្ងៃចន្ទនេះ វិមានក្រឹមឡាំងបានចេញមុខនិយាយថា កិច្ចប្រជុំកំពូលអន្តរជាតិមួយស្តីពីសន្តិភាព ដែលដឹកនាំដោយទីក្រុងកៀវ ហើយបានប្រព្រឹត្តទៅ កាលពីចុងសប្តាហ៍មុននេះ នៅឯប្រទេសស្វីស គឺសម្រេចបានផលិតសូន្យ ដោយសារតែទីក្រុងមូស្គូ មិនត្រូវបានអញ្ជើញទៅចូលរួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។
ក្រុមមន្រ្តីនិងមេដឹកនាំមកពីប្រទេសប្រមាណជា៩០ បានទៅជួបជុំគ្នាក្នុងប្រទេសស្វីស ដើម្បីបើកកិច្ចពិភាក្សា ស្តីពីសន្តិភាពនៅអ៊ុយក្រែន កាលពីថ្ងៃទី១៥-១៦ ខែមិថុនា។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយដូច្នេះថា «ប្រសិនបើ យើងនិយាយអំពីលទ្ធផលនៃកិច្ចប្រជុំនេះ គឺវាសម្រេចបានសូន្យលទ្ធផល។ ប្រទេសជាច្រើនយល់ច្បាស់ថា ការពិភាក្សាប្រាកដប្រជាណាមួយ នឹងពុំអាចមានលទ្ធភាពកើតឡើងបាននោះទេ ដោយគ្មានវត្តមានប្រទេសរបស់យើង»។
លោក Peskov បានបន្តថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅតែបើកទ្វារចំហជានិច្ច សម្រាប់កិច្ចសន្ទនា និងការពិភាក្សាគ្នាដោយភាពប្រាកដប្រជា។ កាលពីសប្តាហ៍មុន ពោលគឺមួយថ្ងៃមុនកិច្ចប្រជុំនៅប្រទេសស្វីសចាប់ផ្តើម លោក ពូទីន បានដាក់លក្ខខណ្ឌថា ទីក្រុងមូស្គូ នឹងចូលរួមក្នុងកិច្ចចរចាសន្តិភាព ប្រសិនបើអ៊ុយក្រែនបោះបង់ចោលតំបន់ទាំង៤ ដែលកងកម្លាំងរុស្ស៉ីកំពុងគ្រប់គ្រង ខណៈទីក្រុងកៀវ បានច្រានចោលលក្ខខណ្ឌនេះភ្លាមៗ ដោយចាត់ទុកវាថា ស្មើនឹងការទាមទារឱ្យខ្លួន លើកទង់សចុះចាញ់សង្រ្គាម។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំនៅឯប្រទេសស្វីស ទទួលបានការគាំទ្រពីប្រទេសភាគច្រើន ដែលទៅចូលរួមក៏ពិតមែន ប៉ុន្តែប្រទេសទាំងនោះ ភាគច្រើនគឺជាក្រុមលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេ ខណៈប្រទេសធំៗ ដែលមិនចូលបក្សសម្ព័ន្ធ រួមមានឥណ្ឌា ប្រេស៉ីល អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងឥណ្ឌូណេស៉ី ជាដើម មិនបានចុះហត្ថលេខាលើ ឯកសារចុងក្រោយនោះទេ។ សេចក្តីថ្លែងការណ៍នោះ បង្ហាញការគាំទ្រចំពោះបូរណភាពទឹកដី និងអធិបតេយ្យរបស់អ៊ុយក្រែន ប៉ុន្តែមិនបានលើកឡើងអំពីចំណុចសំខាន់ៗ ស្តីពីមធ្យោបាយដើម្បីឆ្ពោះទៅបញ្ចប់សង្រ្គាមឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram