ម៉ូតូបុកគ្នាជាមួយរថយន្តយ៉ាងពេញទំហឹង ចំណែកអ្នកបើកបររងរបួសធ្ងន់ទាំងសងខាង…

ភ្នំពេញ៖ មិនដឹងថាបើកក្នុងល្បឿនប៉ុន្មានទេ? ពេលមកដល់ចំណុចកើតហេតុម៉ូតូមួយគ្រឿងបានបុកយ៉ាងពេញទំហឹងជាមួយរថយន្តសេរីទំនើប បណ្តាលអោយរងរបួសទាំងសងខាង ដែលហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចភ្លើងស្តុបថ្នល់បំបែក តាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០:២០នាទីយប់ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ។ រថយន្តម៉ាក ហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-2066 រីឯម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1ID- 8338 ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយភ្នាក់ងារយកព័ត៌មានយើងដឹងថា មុនកើតហេតុទាំងរថយន្តនិងម៉ូតូបើកក្នុងទិសដៅផ្សេងគ្នា គឺម៉ូតូបើកក្នុងទិសដៅពីកើតទៅលិច ចំណែករថយន្តក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុប ខណៈដែលម៉ូតូបើកបំពានភ្លើងស្តុបក្រហម ហើយបើកក្នុងល្បឿនលឿនពេក ក៏ជ្រុលទៅបុករថយន្តចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលអោយបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកបុរសអ្នកបើករថយន្ត បោកក្បាលនឹងចង្កូត បែកមុខឈាមហូរជោគមុខ ភ្លាមៗនោះរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជនមួយបានមកដឹកយកទៅសង្គ្រោះភ្លាមៗ ។ ចំណែករថយន្តរងការខូចខាតទាំងស្រុងផ្នែកខាងឆ្វេង រីឯម៉ូតូខ្ទេចមួយកំណាត់មុខក៏ទាំងស្រុងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញចរាចរណ៍ជើងគោកបានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចស្ទូចរថយន្ត និងលើកម៉ូតូយកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram