ប្រមុខការទូតអាមេរិកទទូចឱ្យចិន បើកខ្សែបណ្តាញសម្រាប់ទាក់ទងគ្នាដោយផ្ទាល់ ក្រោយឧប្បត្តិហេតុយន្តហោះចម្បាំង ….

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) បានអំពាវនាវឱ្យទីក្រុងប៉េកាំងយល់ព្រម ធ្វើឱ្យការទំនាក់ទំនងគ្នារវាងប្រទេសទាំងពីរប្រសើរឡើងជាងមុន ក្រោយឧប្បត្តិហេតុយន្តហោះចម្បាំងមួយកើតឡើង កាលពីសប្តាហ៍មុន ដែលលោកបានទម្លាក់កំហុស ទៅលើពីឡុតចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។
យោធារបស់សហរដ្ឋអាមេរិកបាននិយាយថា យន្តហោះចម្បាំងចិនមួយគ្រឿង បានធ្វើសកម្មភាពហោះហើរដែលប្រកបដោយគ្រោះថ្នាក់ នៅក្បែរយន្តហោះឈ្លបការណ៍អាមេរិកមួយគ្រឿង នៅក្នុងដែនអាកាសលើតំបន់សមុទ្រចិនខាងត្បូង កាលពីសប្តាហ៍កន្លងទៅ។ លោក ប៊្លីនខិន បានអះអាងថា ពេលនោះ យន្តហោះអាមេរិកហោះហើរក្នុងដែនអាកាសអន្តរជាតិ និងស្ថិតក្រោមការបំពេញបេសកកម្មជាប្រចាំ។ ដោយឡែក ទីក្រុងប៉េកាំងបានបន្ទោសលើសហរដ្ឋអាមេរិក ដែលតែងតែបញ្ជូននាវានិងយន្តហោះ មកបង្កហេតុនៅសមុទ្រចិនខាងត្បូង។
លោកប្រមុខការទូតអាមេរិក បានលើកឡើងយ៉ាងដូច្នេះទៀតថា «ខ្ញុំយល់ថា ឧប្បត្តិហេតុនេះរំលេចឱ្យឃើញបន្ថែមទៀតថា ហេតុអ្វីបានវាគឺជារឿងសំខាន់ខ្លាំងណាស់ ដែលពួកយើងត្រូវមានខ្សែបណ្តាញទំនាក់ទំនងទូទៅនិងបើកចំហ ខណៈម៉្យាងវិញទៀតនោះគឺរួមមានទាំង រវាងរដ្ឋមន្រ្តីការពារជាតិរបស់ពួកយើង។ រឿងគ្រោះថ្នាក់បំផុត គឺការមិនព្រមនិយាយទាក់ទងគ្នា ហើយជាលទ្ធផលនឹងកើតមានការយល់ច្រឡំ»។
លោក ប៊្លីនខិន បានបន្តថា «ដូចដែលយើងបាននិយាយជាដដែលៗយ៉ាងដូច្នោះ ស្របពេលដែលយើងមានការប្រកួតប្រជែងជាមួយចិន យើងក៏ចង់ធានាផងដែរថា វានឹងមិនរាលដាលទៅជាជម្លោះធំ ហើយចំណុចចាប់ផ្តើមដែលសំខាន់បំផុតនោះ គឺខ្សែបណ្តាញទាក់ទងគ្នាជាទូទៅ»។ លោក ប៊្លីនខិន បានលុបចោលគម្រោងទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង កាលពីខែកុម្ភៈ ឆ្នាំនេះ ក្រោយសហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួនបានប្រទះឃើញបាឡុងស៉ើបការណ៍របស់ចិន នៅលើប្រទេសរបស់ខ្លួន។
គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) បានបដិសេធជួបពិភាក្សាគ្នាជាមួយ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅពេលដែលអ្នកទាំងពីរស្ថិតនៅប្រទេសសិង្ហបុរី ក្នុងសប្តាហ៍នេះ សម្រាប់សន្និសីទសន្តិសុខប្រចាំឆ្នាំ Shangri-La Dialogue៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram