Juventus អវត្តមានកីឡាករអាមេរិកខាងត្បូង៥នាក់ ក្នុងជំនួបជាមួយ Napoli នាថ្ងៃសៅរ៍នេះ

(ទូរីន)៖ កីឡាករអាមេរិកខាងត្បូង ចំនួន៥នាក់ របស់ក្លិប Juventus នឹងត្រូវសម្រាកនៅផ្ទះ ជំនួសឲ្យការធ្វើដំណើរទៅចូលរួមប្រកួត ប៉ះជាមួយនឹងក្រុម Napoli ក្នុងលីគ Serie A នាចុងសប្តាហ៍នេះ, នេះបើតាមសម្តីលោកគ្រូបង្វឹករបស់ក្លិប Massimiliano Allegri ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។


កីឡាករ Paulo Dybala សញ្ជាតិអាហ្សង់ទីន, Rodrigo Bentancur សញ្ជាតិអ៊ុយរ៉ូហ្គាយ, Juan Cuadrado សញ្ជាតិកូឡុំប៊ី និងកីឡាករ Alex Sandro និង Danilo សញ្ជាតិប្រេស៊ីល បានចូលរួមក្នុងការប្រកួតវគ្គជម្រុះ World Cup នៅព្រឹកព្រលឹមថ្ងៃសុក្រ។
កាលវិភាគប្រកួត បានទុកឲ្យពួកគេ មានពេលវេលាតិចតួច ក្នុងការធ្វើដំណើរត្រលប់ទៅប្រទេសអ៊ីតាលីវិញ ដែលធ្វើឲ្យពួកគេខកខាន ក្នុងការចូលរួមប្រកួត នៅទីក្រុង Naples នៅថ្ងៃសៅរ៍។
«ការជ្រើសរើសក្រុម វាមិនពិបាកនោះទេ ដោយសារខ្ញុំមានកីឡាករមួយចំនួន។ ខ្ញុំបានសម្រេចទុកឲ្យកីឡាករអាមេរិកខាងត្បូង សម្រាកនៅផ្ទះ, ពួកគេនឹងត្រឡប់មកវិញ នៅយប់នេះ និងព្រឹកថ្ងៃស្អែក», នេះបើតាមសម្តីលោក Allegri បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន។
គួរបញ្ជាក់ថា Juventus, ដែលបានប្រគល់ពានរង្វាន់លីគ ទៅកាន់ក្លិប Inter Milan កាលពីរដូវកាលមុន ខណៈពួកគេបានបញ្ចប់ ក្នុងចំណាត់ថ្នាក់លេខ៤នោះ, បានទទួលការចាប់ផ្តើមដ៏លំបាក ចំពោះយុទ្ធនាការថ្មី ចាប់តាំងពីលោក បានវិលត្រឡប់ជាលើកទី២ ធ្វើជាគ្រូបង្វឹក កាលពីរដូវក្តៅ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram