ឆេះតំបន់លំនៅឋានក្នុងប្រទេសហ្វីលីពីន ផ្តាច់ជីវិតមនុស្ស៧នាក់ ខណៈ៦០គ្រួសារ ត្រូវបាត់បង់ផ្ទះសម្បែង …

(ម៉ានីល)៖ ប៉ូលិសហ្វីលីពីនបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សសរុបចំនួន៧នាក់ ក្នុងនោះរួមមានទាំងក្មេងស្រីអាយុ២ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានបាត់បង់ជីវិតកាលពីយប់ថ្ងៃសៅរ៍ នៅពេលគ្រោះអគ្គិភ័យ បានវាយប្រហារសហគមន៍លំនៅឋានមួយកន្លែង ក្នុងខេត្តរីហ្សាល់ (Rizal)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣។
គ្រោះអគ្គិភ័យខាងលើបានកើតឡើង នៅមុនម៉ោង១០យប់ថ្ងៃសៅរ៍សប្តាហ៍នេះ ក្នុងក្រុងឈ្មោះថា តីតី (Taytay) ហើយវាបានរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងតំបន់ដែលសម្បូរទៅដោយផ្ទះសំណង់ចាស់ៗ ស្ថិតនៅកៀកៗគ្នា។ សរុបមក លំនៅឋានច្រើនជាង៤០ខ្នង បានទទួលរងការឆាបឆេះ មុនពេលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ អាចគ្រប់គ្រងស្ថានការណ៍បាន នៅប្រមាណជាង១ម៉ោងក្រោយមក។
គួរបញ្ជាក់ថា យោងតាមប៉ូលិសហ្វីលីពីន ជនរងគ្រោះដែលបានបាត់បង់ជីវិត គឺជាប់ក្នុងផ្ទះរបស់ពួកគេ ដែលស្ថិតនៅឯខាងចុងផ្លូវ ហើយសាកសពត្រូវបានរកឃើញនៅជាន់ផ្ទះបាយ និងនៅក្នុងបន្ទប់ទឹក។ ក្រៅពីអ្នកស្លាប់ ហេតុការណ៍នេះ ក៏បានបន្សល់ទុកឱ្យប្រជាជនជាង៦០គ្រួសារ គ្មានផ្ទះសម្បែងផងដែរ ខណៈអាជ្ញាធរពាក់ព័ន្ធកំពុងស៉ើបអង្កេតមូលហេតុ ដែលបង្កឱ្យមានភ្លើងឆេះកើតឡើង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram