ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិនិត្យ និងរកដំណោះស្រាយករណីបណ្ដឹងប្រជាពលរដ្ឋចោទយោធាកងពលលេខ៣១ ព័ទ្ធរបងមិនឱ្យចេញចូលក្នុងទីតាំងដីអតីតសាកលវិទ្យាល័យភូមិន្ទកំពត-តាកែវ….
ព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាស្រុកឈូក ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ និងរកដំណោះស្រាយករណីបណ្ដឹងប្រជាពលរដ្ឋចោទយោធាកងពលលេខ៣១ ព័ទ្ធរបងមិនឱ្យចេញចូលក្នុងទីតាំងដីអតីតសាកលវិទ្យាល័យភូមិន្ទកំពត-តាកែវ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះមេគុណខេត្ត គណៈមន្ត្រីសង្ឃខេត្ត មេបញ្ជាការយោធភូមិភាគ៣ មេបញ្ជាការកងពលថ្មើរជើងលេខ៣១ អភិបាលរងខេត្ត អាជ្ញាធរស្រុក ឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្រោយទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងការបង្ហោះក្នុងបណ្តាញសង្គម ចោទប្រកាន់ថា កងពលតូចថ្មើរជើងលេខ៣១ ព័ទ្ធរបងយកដីសាធារណៈរបស់រដ្ឋ ដែលជាដីអតីតសាកលវិទ្យាល័យកំពត-តាកែវ ស្ថិតក្នុងភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូកខេត្តកំពត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានបញ្ជាក់ថា ដើមចមនៃបញ្ហាការព័ទ្ធរបងនៅទីតាំងដីអតីតសាកលវិទ្យាល័យភូមិន្ទកំពត-តាកែវ ដើម្បីរក្សាទុកដីរបស់រដ្ឋតែប៉ុណ្ណោះ គ្មានចេតនាយកដីរដ្ឋឡើយ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា ៖ ក្រុមការងារថ្នាក់ខេត្ត ស្រុក បានសម្របសម្រួលករណីបណ្តឹងខាងលើជាមួយកងពលតូចថ្មើរជើងលេខ៣១ ដោយបានឯកភាពដកបង្គោលផ្នែកខាងកើតជាប់ស្រះទឹកប្រវែង ១០ ម៉ែត្រ ដើម្បីទុកផ្លូវចេញចូលដូចមុន និងដកបង្គោលរបងផ្នែកខាងមុខស្រះទឹកប្រវែង ៤ ម៉ែត្រ ធ្វើជាផ្លូវចូល៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

