ព្រំ សំណាង ទទួលបានប្រាក់រង្វាន់លើកទឹក ចិត្តពីលោកឧកញ៉ា ស្រី ចាន់ថន ជាលើកទី២ ក្រោយឈ្នះនៅ Thia Fight

(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន បានប្រគលថវិកាប្រមាណ (៥លានរៀល) ដែលជាការចូលរួមលើកទឹកចិត្តដល់កីឡាករប្រដាលគុនខ្មែរ ព្រំ សំណាង បន្ទាប់ពីអ្នកលេងគុនខ្មែររូបនេះ បន្តវាយឈ្នះលើសង្វៀន Thia Fight ជាលើកទី២ របស់គេ។
នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា «នេះកីឡាករ ព្រំ សំណាង បានមកទទួលប្រាក់រង្វាន់(៥លានរៀល)ពីខ្ញុំបាទហើយ, ស្របពេលជាមួយគ្នាខ្ញុំនឹងបើកហាងកាត់សក់មួយកន្លែងជូនប្អូន ព្រំ សំណាងក្នុងពេលឆាប់ៗនេះ, ព្រោះខ្ញុំចង់ឲ្យការជួយរបស់ខ្ញុំគឺជាការជួយកីឡាកររបស់យើងឲ្យមានជីវភាពល្អប្រសើរពេញមួយជីវិត។
លោកក៏បន្តទៀងថា «ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងក្រៃលែងដែលកីឡាករខ្មែរយើងអាចឈានមកដល់កម្រិតមួយនេះ, ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កីឡាករគុនខ្មែររបស់យើងនឹងអាចយកជ័យជំនៈបានជាបន្តបន្ទាប់នៅពេលអនាគត»។
រំលឹកផងថា នេះជាលើកទី២ ដែលអ្នកលេងគុនខ្មែរ ព្រំ សំណាង ទទួលបានប្រាក់រង្វាន់ពីណាក់លោកឧញ៉ា ស្រី ចាន់ថន ដោយលើកទី១ ទទួលបាន ២៥០០ដុល្លារ, ដែលនេះជាការចូលរួមលើកស្ទួយវិស័យកីឡាគុនខ្មែរ។
បញ្ជាក់ផងថា អ្នកលេងគុនខ្មែរ ព្រំ សំណាង បានឈ្នះខ្សែក្រវ៉ាត់ ១គ្រឿង ក្រោយពីវាយផ្តួលកីឡាករអង់គ្លេស Thomas Carpenter, ហើយលើកទី២ បានឈ្នះកីឡាកររុស្ស៊ី Firdavszhon Naiimov លើសង្វៀន Thai Fight នៅប្រទេសថៃ ដោយចំណាយពេលត្រឹមទឹកទី១ ដូចគ្នា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram