WHO អំពាវនាវឲ្យបន្តប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca…
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោកបានអំពាវកុំឱ្យប្រទេសនានាផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងគ្រាដែលប្រទេសធំៗមួយចំនួនដែលជាសមាជិកសហភាពអ៊ឺរ៉ុបានបញ្ឈប់ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca)។
អង្គការសុខភាពពិភពលោក បាននិយាយថាមិនមានភ័ស្តុតាងណាមួយទាក់ទងនឹងការចាក់វ៉ាក់សាំងនិងការកកឈាមនោះទេ។

ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញបានចូលរួមជាមួយប្រទេសតូចៗ បញ្ឈប់ការចាក់វ៉ាក់សាំងដើម្បីជាការប្រុងប្រយ័ត្ន ខណៈពេលកំពុងធ្វើការត្រួតពិនិត្យបន្ថែមទៀត។
អ្នកជំនាញសុវត្ថិភាពថ្នាំបង្ការរបស់ WHO បានកោះប្រជុំនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីវ៉ាក់សាំង។

ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) នឹងជួបប្រជុំគ្នានៅថ្ងៃដដែលនេះ ហើយគ្រោងនឹងធ្វើការសន្និដ្ឋាននៅថ្ងៃព្រហស្បតិ៍។ EMA ក៏បាននិយាយផងដែរថា វ៉ាក់សាំងនេះគួរតែបន្តប្រើ។ មានករណីកកឈាមមួយចំនួននៅអ៊ឺរ៉ុប បន្ទាប់ពីការចាក់វ៉ាក់សាំងរួច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា ករណីទាំងនេះគឺមានតិចតួច ហើយតិចជាងករណីដែលកើតឡើងលើប្រជាជនទូទៅ។

រហូតមកដល់ពេលនេះក្រុមហ៊ុន AstraZeneca បាននិយាយថា៖ មនុស្សប្រមាណ១៧លាននាក់នៅសហភាពអ៊ឺរ៉ុបនិងចក្រភពអង់គ្លេស បានទទួលវ៉ាក់សាំងដូសទីមួយរួចទៅហើយ ខណៈមានករណីកកឈាមតិចជាង៤០ករណីប៉ុណ្ណោះ ត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុន៕
