កូនឈើព្រៃលិចទឹកចំនួន៣ពាន់ដើម ត្រូវយកមកដាំនៅតំបន់៣ ក្នុងភូមិសាស្ត្រដីលិចទឹក បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យពាណិជ្ជកម្ម ដាំកូនឈើព្រៃលិចទឹកចំនួន ៣០០០ដើម រួមមានដើមរាំង និងដើមរំដេញ)នៅភូមិសាស្ត្រ ដីលិចទឹកក្នុងតំបន់៣ បឹងទន្លេសាប ដែលមានទីតាំងស្ថិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។


ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ដោយមានការចូលរួមពីសំណាក់ លោក អ៊ុក ប្រជា បានដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យពាណិជ្ជកម្ម, លោកស្រី ប៊ន សុភី អភិបាលរង ជាតំណាងលោកអភិបាលខេត្តកំពង់ឆ្នាំង អភិបាលស្រុកកំពង់លែង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងក្រុមយុវជនស្រឡាញ់សន្តិភាព សរុបចំនួន១២៦នាក់។


គោលបំណងក្នុងការដាំកូនឈើនេះ ដើម្បីចូលរួមស្តារឡើងវិញនូវតំបន់ព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ដែលរាជរដ្ឋាភិបាលទើបដកហូតពីជនខិលខូចធ្វើការកាប់បំផ្លាញ និងឈូសឆាយ។ ម្យ៉ាងទៀតដើម្បីបំផុសស្មារតីដល់យុវជនចូលរួមថែរក្សាការពារតំបន់ព្រៃលិចទឹក ដែលមានសារៈសំខាន់សម្រាប់ជម្រកត្រី និងត្រីពងកូន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram