ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់…
ភ្នំពេញ ៖ ជនសង្ស័យមានគ្នា២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់មានផ្ទៃពោះ៥ខែ កំពុងតែជិះម៉ូតូតាមដងផ្លូវមិនបានសម្រេច រួចក៏ជិះរត់គេចខ្លួនបាត់ស្រមោល ចំណែកឯនារីរងគ្រោះដួលម៉ូតូបណ្តាលឲ្យរងរបួសជើង។ សំណាងល្អមិនប៉ះពាល់កូនក្នុងផ្ទៃ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង ១១ និង ០០ នាទីយប់ថ្ងៃសុក្រទី ២៦ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា៖ មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ចាម 1-D 7363 ជិះឌុបគ្នាពីនាក់ប្តីរបស់គាត់ បាននាំគ្នាទៅពេទ្យដើម្បីពិនិត្យសុខភាពកូនក្នុងផ្ទៃរបស់គាត់ រួចបាននាំគ្នាត្រឡប់មកវិញធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ គោលបំណងត្រឡប់ទៅផ្ទះវិញនៅម្តុំផ្សារត្រពាំងថ្លឹង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរពីក្រោយតាមបណ្តោយផ្លូវ២១៧ដូចគ្នា រួចក៏លូកដៃមកទាញកាបូបរបស់គាត់ មិនបានសម្រេចបណ្តាលឲ្យស្ត្រីរងគ្រោះដួលម៉ូតូនៅកន្លែងកើតហេតុ រងរបួសជើង ចំណែកឯជនសង្ស័យគ្នា២នាក់ បានជិះម៉ូតូទៅមុខរត់គេចខ្លួនបាត់ស្រមោលទៅ។

ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចឲ្យស្ត្រីជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដោយឡែកខាងជនរងគ្រោះមិនចង់វែងឆ្ងាយ ក៏សុំមិនដាក់ពាក្យបណ្តឹង រួចបានឲ្យសមត្ថកិច្ចជួយជូនទៅដល់ផ្ទះតែម្តងទៅ៕
