សាកលវិទ្យាល័យក្រចេះ ប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាជំនាញ និងបណ្ណសរសើរដល់សាស្រ្តាចារ្យដៃគូរ មកពីប្រទេសបារាំង …

(ក្រចេះ)៖ សាកលវិទ្យាល័យក្រចេះ ប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាលើជំនាញ “Computer Programmig និង Business Mathematics” និងលិខិតថ្លែងអំណរគុណដល់សាស្រ្តាចារ្យខ្មែរ-បារាំង មកពីប្រទេសបារាំង។

ក្រោយពីការនាំយកនូវឧបករណ៍ទាញយកថាមពលព្រះអាទិត្យ (ប៉ារ៉ាបូល) ដើម្បីបម្រើឱ្យការចម្អិនអាហារ និងទឹក និងបង្កើតវគ្គបណ្តុះបណ្តាលដល់មន្ត្រី និងនិស្សិតនៃសាកលវិទ្យាល័យក្រចេះ លើជំនាញ “Computer Programmig និង Business Mathematics” ដែលបណ្តុះបណ្តាលដោយសាស្ត្រាចារ្យខ្មែរ-បារាំង មកពីប្រទេសបារាំង រយៈពេល ១៥ថ្ងៃ នៅសាកលវិទ្យាល័យក្រចេះ រួចមកសិក្ខាកាម ក៏ដូចជាសិស្សនិស្សិត ទទួលបានចំណេះដឹងថ្មីមួយបន្ថែមទៀត អំពីការបង្កើត និងប្រើប្រាស់នូវឧបករណ៍ទាញយកថាមពលព្រះអាទិត្យ ដើម្បីយកទៅអនុវត្តន៍បន្ត និងផ្សព្វផ្សាយចំណេះដឹងទាំងនោះទៅដល់ប្រជាកសិករឱ្យចូលរួមប្រើប្រាស់ ដើម្បីកាត់បន្ថយចំណាយលើការប្រើអុស ហ្គាស់ ធ្យូង និងអគ្គីសនី ក្នុងជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ សាកលវិទ្យាល័យក្រចេះ ក៏បានធ្វើពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ដល់សិក្ខាកាមដែលបានបញ្ចប់ដោយជោគជ័យលើជំនាញ “Computer Programmig និង Business Mathematics” និងប្រគល់លិខិតថ្លែងអំណរគុណដល់គ្រូសាស្រ្តាចារ្យចមខ្មែរ-បារាំង មកពីប្រទេសបារាំង ក្រោមអធីបតីភាពលោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យក្រចេះ។
លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះលោកបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ ដែលខិតខំកសាង និងអភិវឌ្ឍន៍ចំណេះដឹង ជំនាញដល់និស្សិតឱ្យស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំតាមបែបបច្ចេកទេសឌីជីថល ជាពិសេស គឺដើរស្របទៅនឹងទីផ្សារការងារ ដោយក្នុងនោះសាកលវិទ្យាធិការ តែងតែទំនាក់ទំនងស្វែងរកនូវកិច្ចសហប្រតិបត្តិការនានា ជាមួយនឹងស្ថាប័ន ដៃគូជាតិ និងអន្តរជាតិ ដើម្បីមកបំពេញនូវចំណេះដឹង ជំនាញដែលនិស្សិតកំពុងសិក្សា និងអនុវត្តន៍ប្រចាំថ្ងៃ ។

លោករដ្ឋលេខាធិការបានបន្តថា ជាលទ្ធផលជាក់ស្តែងនាពេលកន្លងមកនេះ ក្រុមសាស្ត្រាចារ្យខ្មែរ-បារាំង មកពីប្រទេសបារាំង មួយក្រុមបានស្ម័គ្រចិត្តមកបំពេញបេសកកម្មនៅក្នុងសាកលវិទ្យាល័យក្រចេះ ដើម្បីផ្តល់ការបណ្តុះបណ្តាល ដល់និស្សិតនិងមន្ត្រីរបស់សាកលវិទ្យាល័យ ទៅលើមុខវិជ្ជា “Computer Programmig និង Business Mathematics” រយៈពេល១៥ថ្ងៃ ដោយក្នុងនោះក៏បាននាំយកនូវគ្រឿងបរិក្ខាបច្ចេកទេសថ្មីមួយ ដែលជាការច្នៃប្រឌិតសម្រាប់បម្រើការងារផ្ទះបាយ ដែលដំណើរការដោយថាមពលព្រះអាទិត្យ ចំនួន២ឈុត មកប្រគល់ជូនសាកលវិទ្យាល័យក្រចេះ ក្នុងគោលបំណងសម្រាប់បម្រើផលប្រយោជន៍ការងាររួម នៅក្នុងសាកលវិទ្យាល័យក្រចេះ ក៏ដូចជាការបង្ហាញឱ្យឃើញនូវសមិទ្ធផលដែលកើតឡើង ក្រោមការច្នៃប្រឌិតខ្ពស់ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។
ក្នុងនោះដែរលោកមានសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង ជំនាញបច្ចេកទេស ដែលបានបណ្តុះបណ្តាលនេះ ក្មួយៗនិស្សិត និងសាកលវិទ្យាល័យក្រចេះ នៅតែបន្តគាំទ្រ និងសហការជាមួយក្រុមសាស្ត្រាចារ្យខ្មែរ-បារាំង និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍វិស័យអប់រំ ឧត្តមសិក្សានៅកម្ពុជា ក៏ដូចជាខេត្តក្រចេះ ឱ្យកាន់ចូលមកកៀកនឹងមូលដ្ឋានប្រជាពលរដ្ឋ និងមានការរីកចម្រើន ប្របកដោយគុណភាពក្នុងការប្រកួតប្រជែងលើកទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា វិញ្ញាបនបត្រដែលប្រគល់ជូននិស្សិតមានជំនាញ Computer Programming ចំនួន៣០នាក់ និងជំនាញ Business Mathematics ចំនួន ២៣នាក់៕
