លោក ពូទីន នឹងមិនទៅចូលរួមពីធីបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ឡើយ, នេះបើតាមវិមានក្រឹមឡាំង

(មូស្គូ)៖ វិមានក្រឹមឡាំងបានឱ្យដឹងនាថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងមិនចូលរួមពិធីបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៉ីនហ្សូ នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។


អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ពូទីន មិនមានផែនការ ធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ហើយចូលរួមពិធីបុណ្យសពលោក អាបេ ឡើយ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ទីក្រុងមូស្គូ មិនទាន់សម្រេចចិត្តនៅឡើយទេ អំពីវត្តមានរបស់ប្រទេសរុស្ស៉ី នៅឯពិធីបុណ្យសពនោះ។
ក្នុងថ្ងៃចន្ទដដែលនេះ រដ្ឋាភិបាលជប៉ុន ទើបតែបានឱ្យដឹងថា ខ្លួនបានជូនដំណឹងជាផ្លូវការ អំពីការប្រារព្ធពិធីបុណ្យសពថ្នាក់ជាតិ សម្រាប់លោក អាបេ ដល់បណ្តាប្រទេសទាំងអស់ ដែលទីក្រុងតូក្យូមានទំនាក់ទំនងការទូតជាមួយ ក្នុងនោះរួមទាំងរុស្ស៉ីផងដែរ។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន សានកី (Sankei) បានរាយការណ៍កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា រដ្ឋាភិបាលជប៉ុនទំនងជានឹងមិនអនុញ្ញាតឱ្យ ប្រមុខរដ្ឋរបស់ប្រទេសរុស្ស៉ី គឺលោក វ៉្លាឌីមៀ ពូទីន ចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់លោក អាបេ ដែលត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែកញ្ញា នោះឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram