លោក ដូណាល់ ត្រាំ ច្រានចោលការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ៣៤បទចោទ ប្រឆាំងនឹងរូបលោក…


(ញូវយ៉ក)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោក និងអះអាងថាមិនបានប្រព្រឹត្តខុសច្បាប់អ្វីទាំងអស់ នៅចំពោះ មុខចៅក្រមនៃតុលាការក្រុងញូវយ៉ក ជុំវិញការចោទប្រកាន់រឿងសូកលុយបំបិតមាត់តារាម្នាក់កុំឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទរវាងអ្នកទាំង២ នៅមុនការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។
លោក ដូណាល់ ត្រាំ ជាអតីតប្រធានាធិបតីដំបូងបំផុតដែលត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនៅក្នុងប្រវតិ្តសាស្ត្រអាមេរិក បានចូលបង្ហាញខ្លួនក្នុងតុលាការ Manhattan នៃទីក្រុងញូវយ៉ក មុនម៉ោង ២៖៣០នាទីរសៀស ថ្ងៃអង្គារសប្ដាហ៍នេះបន្តិច (ម៉ោងក្នុងទីក្រុងញូវយ៉ក) ដើម្បីស្ដាប់ចៅក្រមអានការចោទប្រកាន់ប្រឆាំងរូបលោក។ លោក ត្រាំ ត្រូវបានចោទ ប្រកាន់ពីបទល្មើសព្រហ្មទណ្ឌក្លែងបន្លំកំណត់ត្រាអាជីវកម្មចំនួន៣៤បទចោទ ដើម្បីបិទបាំងព័ត៌មានអវិជ្ជមាន និងសកម្មភាពខុសច្បាស់របស់ខ្លួន ពីអ្នកបោះឆ្នោតអាមេរិក នៅមុន និងនៅក្រោយ ការបោះឆ្នោត កាលពីឆ្នាំ២០១៦។
រដ្ឋអាជ្ញា លោក Alvin Bragg ដែលជាអ្នកទទួលបន្ទុកសំណុំរឿងលោក ត្រាំ ក៏បានបញ្ជាក់ដែរថាលោក ត្រាំ បានបំបិតមាត់ដោយសូកលុយនាងតារា Stormy Daniels ចំនួន១៣០,០០០ដុល្លារ កុំឱ្យទម្លាយរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២។
តែយ៉ាងណាក៏ដោយ លោក ត្រាំ ដែលកំពុងព្យាយាមយកតំណែងជាប្រធានាធិបតីអាមេរិកមកវិញ នៅឆ្នាំ២០២៤ បានច្រានចោលរាល់ការចោទប្រកាន់ និងថ្កោលទោសសំណុំរឿងប្រឆាំងនឹង រូបលោក គឺជាការធ្វើបាបខាងនយោបាយតែប៉ុណ្ណោះ ខណៈសវនាការនៅលើកក្រោយគ្រោងនឹងធ្វើឡើងក្នុងទីក្រុងញូវយ៉ក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram