ប្រទេសអ៊ូហ្គង់ដា ប្រកាសជោគជ័យទាំងស្រង់លើការគ្រប់គ្រងជំងឺឆ្លង Ebola ដ៏សាហាវ…

(អ៊ូហ្គង់ដា)៖ ប្រទេសអ៊ូហ្គង់ដានៅថ្ងៃពុធ (១១ មករា) នេះ បានប្រកាសបញ្ចប់ការឆ្លងរីករាលដាល នៃជំងឺ Ebola ដែលបានផ្ទុះឡើងជិត ៤ខែមុន និងបានឆក់យកជីវិតមនុស្ស ៥៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Jane Ruth Aceng បាននិយាយនៅក្នុងពិធីមួយនៅកណ្តាលទីក្រុង Mubende ដែលជាកន្លែងដែលជំងឺនេះត្រូវបានរកឃើញជាលើកដំបូងកាលពីខែកញ្ញាថា «យើងបានគ្រប់គ្រងដោយជោគជ័យនូវការផ្ទុះឡើង នៃជំងឺ Ebola នៅក្នុងប្រទេសអ៊ូហ្គង់ដា»។
ការប្រកាសនេះត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយអង្គការសុខភាពពិភពលោក (WHO) ដែលប្រធានអង្គការ លោក Tedros Adhanom Ghebreyesus បានសាទរចំពោះ «ការឆ្លើយតបដ៏រឹងមាំ និងទូលំទូលាយ» របស់ប្រទេសអាហ្រ្វិកខាងកើតមួយនេះ។
លោក Aceng បាននិយាយថា ថ្ងៃទី១១ ខែមករាមេះ គឺជាថ្ងៃទី១១៣ តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត Ebola បានរាលដាលដល់រដ្ឋធានី Kampala។
គួរបញ្ជាក់ថា នៅក្រោមលក្ខណៈវិនិច្ឆ័យរបស់អង្គការសុខភាពពិភពលោក ការផ្ទុះឡើងនៃជំងឺនេះនឹងត្រូវបញ្ចប់ជាផ្លូវការ នៅពេលដែលគ្មានករណីថ្មីរយៈពេល៤២ថ្ងៃជាប់ៗគ្នា ដែលជារយៈពេលនៃការបង្កកំណើតរបស់មេរោគពីរដង៕
