Google ប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចប្រឆាំងការទុកចិត្តរបស់ឥណ្ឌា នៅលើប្រព័ន្ធប្រតិបត្តិការ Android


(បរទេស)៖ Alphabet ដែលជាមេធំរបស់ Google បានឲ្យដឹងថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់អង្គការឃ្លាំមើលការប្រឆាំងការទុកចិត្តរបស់ឥណ្ឌា ដែលបានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយកអាមេរិកមួយនេះ ផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួនចំពោះប្រព័ន្ធប្រតិបត្តិការ Android និងពិន័យជាប្រាក់ចំនួន ១៦២លានដុល្លារសម្រាប់ការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។

គណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌា (CCI) បាននិយាយកាលពីខែតុលាថា Google បានប្រើប្រាស់ឥទ្ធិពលដ៏លេចធ្លោរបស់ខ្លួននៅក្នុងទីផ្សារ ដូចជាការស្វែងរកតាមអ៊ីនធឺណិត ( Google Search) និងកម្មវិធី (App) នៅលើ Android ដោយលម្អៀងទៅលើកម្មវិធី Chrome និង YouTube ដែលជារបស់ខ្លួន។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បាននិយាយថា ក្រុមហ៊ុន Google បានសម្រេចចិត្តប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់ CCI ព្រោះបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងបានធ្វើឲ្យតម្លៃទីផ្សារ និងផលិតផលរបស់ Google បានធ្លាក់ចុះនៅក្នុងប្រទេសឥណ្ឌា ជាពិសេសគឺប៉ះពាល់ដល់អាជីវកម្មទាំងមូល។
គួរបញ្ជាក់ផងដែរថា ប្រហែល ៩៧ភាគរយនៃ ៦០០លានឧបករណ៍នៅក្នុងប្រទេសឥណ្ឌា ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android ។ នេះបើយោងតាមការប៉ាន់ស្មានរបស់ Counterpoint Research៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram