World Cup 2022: លទ្ធផល ៤ប្រកួត, ម្ចាស់ផ្ទះកាតា បន្តចាញ់ គ្រាដែលក្រុមខ្លាំងហូឡង់ និងអង់គ្លេស រកបានពិន្ទុ

(ដូហា)៖ ការប្រកួតក្នុងជុំទី២ នៃ FIFA World Cup 2022 វគ្គសន្សំពិន្ទុប្រចាំពូល A និង B ឃើញថា ម្ចាស់ផ្ទះកាតាបន្តចាញ់ជាលើកទី២ ស្របពេលក្រុមខ្លាំងមានដូចជា ទឹកក្រូចហូឡង់ និងតោកំណាចអង់គ្លេស បន្តរកបានពិន្ទុដូចគ្នា។

១ប្រកួតបើកឆាកនាក្បាលព្រលប់រវាងវេលស៍ និងអ៉ឺរ៉ង់ បានបញ្ចប់ទៅដោយក្រុមនៅអាស៊ី អ៉ឺរ៉ង់យកឈ្នះក្រុមនៅអឺរ៉ុប វេលស៍ក្នុងលទ្ធផល ២ទល់នឹង០ ចុងម៉ោង និងជាការរកបាន ៣ពិន្ទុលើកដំបូងផងដែរក្នុងចំណោម ២ប្រកួតប្រចាំពូល B ក្រោយចាញ់អង់គ្លេស ៦ទល់នឹង២ នៅថ្ងៃបើកឆាកនោះសម្រាប់ក្រុមមានមីស៊ីល។
ចំណែកឯគូប្រកួតលេង ៨យប់វិញ គឺម្ចាស់ផ្ទះកាតាបានបន្តចាញ់ជាលើកទី២ ទៀត ក្រោមថ្វីជើងរបស់សេណេហ្គាល់ ៣-១ បន្ទាប់ពីចាញ់អេក្វាឌ័រ ២ទល់នឹង០ ម្តងហើយនៅថ្ងៃបើកឆាកដែរនោះ។ នេះមានន័យថា ម្ចាស់ផ្ទះកាតានៅសល់ឱកាសតិចតួចប៉ុណ្ណោះក្នុងការប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុម ដ្បិតត្រូវប៉ះក្រុមខ្លាំងហូឡង់ទៀត នៅថ្ងៃប្រកួតបិទបញ្ចប់ពូល។
១ប្រកួតទៀតដែរក្នុងពូល A គឺជាការជួបគ្នារវាងហូឡង់ និងអេក្វាឌ័រ ដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ និងសល់ ១ប្រកួតក្នុងដៃដូចគ្នាផងដែរ។
ចំណែកឯគូម៉ោង ២យប់រំលងអាធ្រាត្រវិញ (ម៉ោងនៅកម្ពុជា) តោកំណាចអង់គ្លេស មិនអាចធ្វើអ្វីមហាអំណាចផុតលេខអាមេរិកបានទេ ក្រៅពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ នៃប្រកួតទី២ ប្រចាំពូល B របស់ពួកគេ ក្នុងការរារាំងអាមេរិករកបាន ៣ពិន្ទុលើកដំបូង នៅពេលប្រកួតបើកឆាកលេងស្មើ ១-១ ជាមួយវេលស៍៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram