ករណីបង្រ្កាបបទល្មើលដំណាំកញ្ឆាខុសច្បាប់នៅមូលដ្ឋានស្រុកគិរីវង់….
ខេត្តតាកែវ ៖ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៌ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជា ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្នុងការបង្ការ ទប់ស្កាត់និងបង្រ្កាបបទល្មើលដំណាំកញ្ឆាខុសច្បាប់នៅមូលដ្ឋានស្រុកគិរីវង់ជាប្រចាំឲ្យដូចភ្លៀងរលឹមរួចមក។

លោកវរសេនីយ៍ឯក ឈៀង សុន ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន លោកវរសេនីយ៍ឯក មាស តេន ស្នងការរង ទទួលផែនការងារសន្តិសុខ និងលោក វរសេនីយ៍ឯក ព្រហ្ម វាសនា ស្នងការរង ទទួលការងារ កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននិងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីឡើងស្វែងរកទីតាំងដែលជនខិលខូចលួចដាំដំណាំកញ្ឆាខុសច្បាប់ នៅចំនុចលើភ្នំគុហារចិនស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

លោកវរសេនីយ៍ឯកស្នងការរងបានឲ្យដឹងទៀតថាៈលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបរួមមានការកាប់កម្ទេចដុតបំផ្លាញ ដំណាំកញ្ឆាបានចំនួន ៧ទីតាំងលើផ្ទៃដីដាំដុះសរុប៤១២ ម៉ែត្រការ៉េ បំផ្លាញអាងស្តុបទឹកចំនួន៧។បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងខាងលើដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ព្រមទាំងបានផ្សព្វផ្សាយអប់រំណែនាំដល់លោក មេភូមិ មេឃុំ ឲ្យបានជ្រាប និងជួយពន្យល់បន្ថែមឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនកុំឲ្យបន្តដាំដំណាំកញ្ឆានេះតទៅទៀតពីព្រោះជាដំណាំខុសច្បាប់ផងដែរ ៕


