Apple បញ្ជាក់ថាមុខងារសង្រ្គោះបន្ទាន់ SOS តាមរយៈផ្កាយរណបនៅលើ iPhone 14 នឹងដាក់ឱ្យប្រើប្រាស់នៅខែក្រោយនេះ
(បរទេស)៖ ថ្មីៗនេះ Apple បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មុខងារ Emergency SOS ដែលភ្ជាប់តាមរយៈផ្កាយរណបសម្រាប់ម៉ូដែល iPhone 14 នឹងត្រូវបានដាក់ឱ្យដំណើរការនៅសហរដ្ឋអាមេរិក និងកាណាដានៅចុងខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
ជុំវិញការដាក់ឱ្យដំណើរការនេះ Apple បានឱ្យដឹងទៀតថា ខ្លួនទទួលបានការចូលរួមវិនិយោគប្រមាណ ៤៥០ពាន់លានដុល្លារពី Advanced Manufacturing Fund ដើម្បីគាំទ្រដល់មុខងារ Emergency SOS តាមរយៈផ្កាយរណប ខណៈដែលមួយភាគធំនៃប្រាក់នោះនឹងត្រូវបានយកទៅផ្គត់ផ្គង់ការផលិតពីដៃគូរសហការ Globalstar របស់ Apple។
យោងតាមប្រភពដែលទទួលបានឯកសារជំនួយពី Apple បាននិយាយថា មុខងារ Emergency SOS តាមរយៈផ្កាយរណបនឹងមកជាមួយនឹងការអាប់ដេតក្នុងកម្មវិធីចាប់ពី iOS 16 ឡើងទៅដែលនឹងមកដល់នៅខែក្រោយនេះ។ ខណៈដែលមុខងារនេះ នឹងអនុញ្ញាតឱ្យត្រកូលស្មាតហ្វូន iPhone 14 ទាំង ៤ម៉ូដែល អាចភ្ជាប់ដោយផ្ទាល់ទៅនឹងផ្កាយរណប Globalstar ដែលអាចឱ្យអ្នកប្រើប្រាស់ ផ្ញើសារទៅកាន់សេវាសង្រ្គោះបន្ទាន់ (Emergency Service) នៅពេលដែលពួកគេស្ថិតនៅតំបន់គ្មានសេវាអ៊ីនធឺណិត ឬ Wi-Fi ពោលគឺអ្នកប្រើប្រាស់អាចចែករំលែកទីតាំង (Share Location) របស់ពួកតាមរយៈផ្កាយរណប (Satellite) ដោយប្រើកម្មវិធី Find My។ លើសពីនេះទៅទៀតមុខងារនេះនឹងចំណាយពេលផ្ញើសារទៅកាន់ភ្នាក់ងារសង្រ្គោះបន្ទាន់ត្រឹមតែរយៈពេល ១៥វិនាទី ទៅ ១នាទីប៉ុណ្ណោះក្នុងលក្ខណ្ឌផ្សេងគ្នា ដើម្បីអាចជួយសង្រ្គោះបានទាន់ពេលវេលាប្រសិនបើពួកគេស្ថិតនៅក្នុងតំបន់គ្រោះថា្នក់។
គួរបញ្ជាក់ដែរថា សេវាកម្មនេះ Apple នឹងដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំដំបូង ប៉ុន្តែគេមិនទាន់បញ្ជាក់លម្អិតនោះទេថាបណ្តាលប្រទេសណាខ្លះនឹងទទួលបានមុខងារពិសេសនេះក្រៅពីសហរដ្ឋអាមេរិក និងកាណាដា។ តែយ៉ាងណាបើតាមរបាយការណ៍ថ្មីនេះ Apple គ្រោងនឹងពង្រីកមុខងារនេះទៅកាន់ប្រទេសមួយចំនួនបន្ថែមទៀតនៅចុងឆ្នាំ២០២៣ ខាងមុខនេះតែម្តង៕







