ខ្សែការពារអង់គ្លេស Ben Chilwell ស្ថិតក្នុងមន្ទិលសង្ស័យ សម្រាប់ព្រឹត្តិការណ៍ World Cup បន្ទាប់ពីរបួសសរសៃពួរ
(ឡុងដ៍)៖ ខ្សែការពារឆ្វេងសញ្ជាតិអង់គ្លេស Ben Chilwell កំពុងស្ថិតក្នុងមន្ទិលសង្ស័យ សម្រាប់ចូលរួមព្រឹត្តិការណ៍ World Cup បន្ទាប់ពីរងរបួសសរសៃពួរ នៅក្នុងការប្រកួតឈ្នះនៅលីគ Champions League របស់ក្លិប Chelsea លើក្រុម Dinamo Zagreb។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ខ្សែការពារវ័យ ២៥ឆ្នាំរូបនេះបានរងរបួសសរសៃពួរខាងក្រោយ នៃជើងរបស់លោក ហើយបានចាកចេញពីកីឡដ្ឋាន Stamford Bridge ក្រោយការឈ្នះ ២-១ របស់ក្រុមតោខៀវ។
អង់គ្លេស នឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេនៅប្រទេសកាតា ដោយត្រូវប៉ះក្រុមអ៊ីរ៉ង់ នាថ្ងៃទី២១ ខែវិច្ឆិកា។
Chilwell បានចូលលេង ១៧លើកឲ្យក្រុមជម្រើសជាតិអង់គ្លេស ហើយជាផ្នែកមួយនៃក្រុមតោកំណាចនៅព្រឹត្តិការណ៍ Euro 2020 បើទោះបីជា លោកមិនបានបង្ហាញខ្លួននៅអំឡុងពេលប្រកួតក្នុងព្រឹត្តិការណ៍នេះក៏ដោយ៕



