សោកនាដកម្ម! ធ្លាក់យន្តហោះយោធានៅហ្វីលីពីន មានអ្នកស្លា.ប់ និងរបួសជិត៦០នាក់
ហ្វីលីពីន ៖ យន្តហោះយោធាមួយគ្រឿង ដែលដឹកមនុស្សយ៉ាងតិច៩២នាក់ បានធ្លាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីននៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមចេញផ្សាយពី BBC នៅមុននេះបន្តិច។
យន្ដហោះប្រភេទ C130 Hercules បានព្យាយាមចុះចតនៅកោះ Jolo ក្នុងខេត្ត Sulu នៅពេលដែលវាបានហោះហួសផ្លូវ។ ប៉ុន្តែបានធ្លាក់នៅក្នុងតំបន់ Patikul ម៉ោងប្រមាណ ១១និង៣០នាទីព្រឹក ម៉ោងក្នុងប្រទេសហ្វីលីពីន។

បើតាមសម្តីលោកឧត្តមសេនីយ៍ត្រី Cirilito Sobejana ប្រធានអគ្គសេនាធិការចម្រុះកងទ័ពហ្វីលីពីនបានប្រាប់ AFP ឱ្យដឹងថា យន្ដហោះដែលធ្លាក់ ស្ថិតក្នុងបេសកកម្មដឹកជញ្ជូនកងទ័ពចេញពីតំបន់ Cagayan de Oro នៅភាគខាងត្បូងកោះ Mindanao។
លោកក៏បានបញ្ជាក់ជាបឋមថា មនុស្ស៤០នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ខណៈសាកសពចំនួន១៧នាក់ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ ហើយក្រុមសង្គ្រោះកំពុងបន្តជួយសង្គ្រោះ និងរុករកមនុស្សជាច្រើនផ្សេងទៀត។

សូមជម្រាបជូនថា កងទ័ពទាំងនោះ គឺជាផ្នែកមួយនៃវត្តមានរបស់យោធានៅភាគខាងត្បូងប្រទេសហ្វីលីពីន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលមានដូចជា ក្រុម Abu Sayyaf ផងដែរ៕


