ខ្សែប្រយុទ្ធបែលហ្សិក Lukaku របួសជាថ្មីម្តងទៀត មុនព្រឹត្តិការណ៍ World Cup មកដល់

(មីឡាន)៖ ខ្សែប្រយុទ្ធក្លិប Inter Milan កីឡាករ Romelu Lukaku បានរងរបួសសរសៃពួររបស់លោកជាថ្មីម្តងទៀត បន្ទាប់ពីទើបតែវិលត្រឡប់ពីការអវត្តមាន រយៈពេល២ខែ, នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅលីគអ៊ីតាលី Serie A នាថ្ងៃចន្ទនេះ, ៣សប្តាហ៍មុនពេលព្រឹត្តិការណ៍ World Cup ចាប់ផ្តើមនៅប្រទេសកាតា, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ។

Lukaku ដែលលេងខ្ចីជើង ឲ្យក្លិប Inter មកពីក្លិប Chelsea នោះ បានវិលត្រឡប់មកវិញ នៅក្នុងការប្រកួតជម្រុះក្នុងពូល នៃលីគ Champions League កាលពីសប្តាហ៍មុន ប៉ះក្រុម Viktoria Plzen ដែលនៅក្នុងការប្រកួតនោះ លោករកគ្រាប់បាល់បាន និងបានលេងកាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងលីគ Serie A ប៉ះក្រុម Sampdoria ដោយលេងនៅលើទីលាន រយៈពេល២៩នាទី សម្រាប់ការប្រកួតទាំងពីរនេះ។
“ព្រឹកនេះ, Romelu Lukaku បានទទួលការធ្វើតេស្ត នៅឯវិទ្យាស្ថាន Humanitas Institute ក្នុងសង្កាត់ Rozzano។ ពួកគេបានរកឃើញថា កីឡាករសញ្ជាតិបែលហ្សិករូបនេះ បានរងរសបួសសរសៃពួរជើងឆ្វេងរបស់លោក”, ក្លិប Inter បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ “ស្ថានភាពរបស់លោក នឹងត្រូវវាយតម្លៃម្តងទៀត ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ”។
Lukaku គឺជាកីឡាកររកគ្រាប់បាល់លំដាប់កំពូល នៅគ្រប់ការប្រកួតទាំងអស់ របស់ក្រុមជម្រើសជាតិបែលហ្សិក ជាមួយនឹងគ្រាប់បាល់៦៨គ្រាប់ ត្រូវបានស៊ុតបញ្ចូលទី ក្នុងការបង្ហាញខ្លួន១០២ប្រកួត។
បែលហ្សិក ដែលជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោកនោះ ស្ថិតក្នុងពូល F ក្នុងព្រឹត្តិការណ៍ World Cup ហើយនឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ ប៉ះក្រុមកាណាដា នៅថ្ងៃទី២៧ ខែវិច្ឆិកា, បន្ទាប់មកត្រូវប៉ះក្រុមម៉ារ៉ុក និងក្រុមជើងឯករងឆ្នាំ២០១៨ ក្រូអាត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram