ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិ ផ្លូវខេត្ត និងសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ និងផែនការត្រៀមអនុវត្តបន្ត
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ពីវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិ ផ្លូវខេត្ត និងសមិទ្ធផលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមទាំងផែនការត្រៀមអនុវត្តបន្ត។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមកក្នុងវិស័យសាធារណការ និងដឹកជញ្ជូន» ដែលបានរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះថា សម្រាប់ការងារសាធារណការ និងគ្រប់គ្រងបច្ចេកទេសមានដូចជា៖
- ផ្លូវជាតិកម្រិត១ ចំនួន០៩ខ្សែ ប្រវែង២ ២៥៤ គ.ម (ក្រាលកៅស៊ូ និងបេតុងបាន ២ ២៥៤គ.ម ស្មើ ១០០% ) ផ្លូវជាតិកម្រិត២ ចំនួន ៧១ខ្សែ ប្រវែង ៥ ១៧៨ គ.ម (ក្រាលកៅស៊ូ និងបេតុងបាន ៣ ៧៦៤ គ.ម ស្មើ ៧៣%) ផ្លូវខេត្តចំនួន ៦៦៧ខ្សែ ប្រវែង ១១ ៣៧១ គ.ម (ក្រាលកៅស៊ូ និងបេតុងបាន ៤ ២៦៤គ.ម ស្មើ ៣៧%)
- ផ្លូវជាតិ និងផ្លូវខេត្ត គិតមកដល់បច្ចុប្បន្ន មានចំនួន ៧៤៧ខ្សែ ដែលមានប្រវែងសរុប ១៨ ៨០៣គ.ម ក្នុងនោះ បានក្រាលកៅស៊ូ និងបេតុងសរុប ១០ ២៨២គ.ម ស្មើនឹង ៥៥% នៃប្រវែងផ្លូវសរុប
- បានបញ្ចប់គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប, ស្ថាបនាផ្លូវចំនួន ១១ខ្សែ និងផ្លូវជាតិ ១៤៦បេ និងការងារស្តារអូរប្រឡាយធម្មជាតិចំនួន ៦ខ្សែ ក្នុងក្រុងព្រះសីហនុ, គម្រោង
កែលម្អបណ្តាញផ្លូវថ្នល់ លើកំណាត់ផ្លូវជាតិលេខ១, គម្រោងផ្លូវជាតិលេខ៣ (ចោមចៅ-ក្រុងកំពត), គម្រោងផ្លូវជាតិលេខ៥ ភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ), គម្រោងផ្លូវជាតិលេខ៧ (ខ្លាស្ទុះ-ឃុំរមាត), កំណាត់ផ្លូវជាតិលេខ៧ (ត្បូងឃ្មុំ-ក្រចេះ), គម្រោងផ្លូវជាតិលេខ១១ (ព្រៃវែង-ត្បូងឃ្មុំ), គម្រោងស្តារឡើងវិញផ្លូវជាតិលេខ២១ (តាខ្មៅ-ជ្រៃធំ), គម្រោងសាងសង់ផ្លូវជាតិ
លេខ៥១ និងគម្រោងផ្លូវក្រវាត់ក្រុងទី២ - បានបញ្ចប់ការស្ថាបនា ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ), ស្ពានស្ទឹងបត់, ស្ពានកោះប៉ែន, ស្ពានអាកាសសែនសុខ និងស្ពានចំនួន ០៧កន្លែង នៅខេត្តព្រៃវែង និងខេត្តក្រចេះ
- បាន និងកំពុងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៧% រួមទាំងស្ពានឆ្លងកាត់ទន្លេបាសាក់(សិត្ស), ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សម្រេចបាន ៨៨%, ផ្លូវជាតិលេខ៤ (កំណាត់សាលាក្ដីខ្មែរក្រហម ទៅដល់ក្រុងព្រះសីហនុ ប្រវែង ១៩៦,២០គ.ម) ក្នុងនោះកំណាត់ (គ.ម០១៩+៧០០-គ.ម០៦០+០០០) ប្រវែង ៤០,៣គ.ម សម្រេចបាន ៦%, កំណាត់ (គ.ម០៦០+០០០-គ.ម១០១+០០០) ប្រវែង ៤១គ.ម សម្រេចបាន ១៨%, កំណាត់(គ.ម ១០១+០០០-គ.ម១៤៣+០០០) ប្រវែង ៤២គ.ម សម្រេចបាន ១៣%, ផ្លូវជាតិលេខ៤៨ សម្រេចបាន ១០%, កំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) សម្រេចបាន ៩១%, កំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង) សម្រេចបាន ៩០%, ផ្លូវជាតិលេខ៧១C (ត្បូងឃ្មុំ-កំពង់ចាម) សម្រេចបាន ៤២%, ផ្លូវជាតិលេខ១០ (សំឡូត-វាលវែង-កោះកុង) សម្រេចបាន ៦៦% និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៥៤%
- បានត្រួតពិនិត្យបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុប ១៨៧,០៥គ.ម សម្រេចបាន ៩៩% និងបានបើកឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដែលមានយានយន្តឆ្លងកាត់ចំនួន២០ ម៉ឺនគ្រឿង គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៤៖០០ នាទីយប់
- គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ស្ថិតក្រោមលក្ខខណ្ឌកិច្ចសន្យា សាងសង់-អាជីវកម្ម-ផ្ទេរ (BOT) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement)ជាមួយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នក់ចិន (CRBC) និងបានបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងសម្បទាន (Concessional Agreement )កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២កន្លងទៅថ្មីនេះៗ
- បានបញ្ចប់គម្រោងលើកកម្រិតគុណភាព និងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ២១ ប្រមាណ៣គីឡូម៉ែត្រ ស្ថិតនៅក្រុងតាខ្មៅ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល មានទទឹងផ្លូវ ១១ ម៉ែត្រ ជម្រាលទទឹងផ្លូវ៣ ភាគរយ កម្រាស់ Stabilize ២០០ មីលីម៉ែត្រ អ៊ុតបេតុងកៅស៊ូ AC កម្រាស់ ១៥ សង់ទីម៉ែតដោយប្រើប្រាស់គ្រឿងចក្រ Stabilizer
- បានបញ្ចប់ការដំឡើងគ្រឿងចក្រផលិតបេតុងកៅស៊ូ (AC Mixing Plant) នៅខេត្តកំពតដោយប្រគល់ ជូននាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស។
លោកទេសរដ្ឋ ស៊ុន ចាន់ថុល បានបន្ថែមថា សម្រាប់ការងារត្រៀមអនុវត្តបន្ត សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរួមមាន៖ - ត្រៀមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវជាតិលេខ១៤៦បេ ក្នុងក្រុងព្រះសីហនុ
- ត្រៀមបើកការដ្ឋានគម្រោងស្ដា និងពង្រឹងគុណភាពផ្លូវជាតិលេខ៣១, លេខ៣៣, លេខ៤១, លេខ៧(ស្ពន់-កំពង់ចាម) ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាផ្លូវក្រាលបេតុងកៅស៊ូ (AC) និង គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម រាជធានីភ្នំពេញ)
- ពង្រឹងមុខងារ វិសាលភាព និងគុណភាពនៃការងារមន្ទីរពិសោធន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងអស់
- បណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងជ្រើសរើសជំនាញការ ឬទីប្រឹក្សាបច្ចេកទេសប្រចាំក្រសួង ដើម្បីពង្រឹងគុណភាពនៃការត្រួតពិនិត្យបច្ចេកទេសសាងសង់
- រៀបចំបញ្ចប់អនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងដីចំណីផ្លូវរថភ្លើង
- រៀបចំកម្មវិធី (APP) តាមដានគ្រប់គ្រងព័ត៌មាន ប្រវត្តិ មធ្យោបាយ វឌ្ឍនភាព និងការវាយតម្លៃ លើការអនុវត្តគម្រោង ចាប់តាំងពីពេលបើកការដ្ឋានសាងសង់រហូតដល់បញ្ចប់គម្រោងសាងសង់
- ពង្រឹងការតាមដាន និងត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍ពិសោធន៍បច្ចេកទេសទំនើបៗដែលមានស្រាប់ រួមមាន៖ LWD, FWD, PLT និង Nuclear Density Testing ។ល។ ដើម្បីពង្រឹងគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន៕













