កាតា នឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ដោយអាចនឹងធ្វើឡើងនៅដើមឆ្នាំ២០២៤
(កូឡាឡុំាពួរ)៖ កាតា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ប្រចាំទ្វីបអាស៊ី Asian Cup បន្ទាប់ ជំនួសឲ្យម្ចាស់ផ្ទះដើមចិន ជាមួយនឹងព្រឹត្តិការណ៍នេះ ទំនងជាត្រូវផ្លាស់ប្តូរពេលវេលាពីពាក់កណ្តាលឆ្នាំ២០២៣ ទៅកាន់ដើមឆ្នាំ២០២៤ វិញ ដើម្បីជៀសវាងបញ្ហាកំដៅនៃរដូវក្តៅក្នុងប្រទេស ដែលស្ថិតនៅតំបន់ឈូងសមុទ្រ Gulf មួយនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ីមួយនេះ ត្រូវបានផ្តល់សិទ្ធិឲ្យប្រទេសចិនធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១៩ ប៉ុន្តែប្រទេសដែលមានអត្រាប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកមួយនេះ បានបោះបង់សិទ្ធិកាលពីដើមឆ្នាំនេះ ខណៈខ្លួនបន្តគោលនយោបាយសូន្យកូវីដ-១៩។
AFC បានបើកការដេញថ្លៃជាថ្មី ហើយកាតាដែលនឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ចាប់ពីខែក្រោយនោះ ត្រូវបានគេពេញចិត្តក្នុងការដេញថ្លៃ នៅឯកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៅថ្ងៃចន្ទម្សិលមិញ។
សមាគមបាល់ទាត់កាតា (QFA) បានស្នើឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់បុរសដែលមាន ២៤ក្រុមនេះ ដែលកាលបរិច្ឆេទដើម គ្រោងនឹងធ្វើឡើងនៅខែមិថុនា និងកក្កដា ឆ្នាំក្រោយនោះ ត្រូវផ្លាស់ទៅចាប់ផ្តើមចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វិញ។
កាតា ធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ចំនួន ២លើករួចមកហើយគឺនៅឆ្នាំ១៩៨៨ និង២០១១ ហើយបានឈ្នះពានរង្វាន់ចុងក្រោយ នៃព្រឹត្តិការណ៍មួយនេះនៅអេមីរ៉េតអារ៉ាប់រួមកាលពីឆ្នាំ២០១៩៕



