ខ្សែបម្រើស្លាបអាហ្សង់ទីន Di Maria អវត្តមានរហូតដល់ខែវិច្ឆិកា ដោយសាររបួសសរសៃពួរកែងជើង
(ប៊ុយនុសអ៊ែរ)៖ ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីន Angel Di Maria នឹងអវត្តមានពីសកម្មភាពរហូតដល់ដើមខែវិច្ឆិកាខាងមុខ បន្ទាប់ពីក្លិបរបស់លោក Juventus បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា លោកបានរងរបួសសរសៃពួរកែងជើងខាងស្តាំកម្រិតស្រាល។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
Di Maria បានរងរបួសនៅក្នុងការប្រកួតបរាជ័យ ២-០ របស់ពួកគេក្រោមថ្វីជើងក្រុម Maccabi Haifa ក្នុងលីគ Champions League កាលពីថ្ងៃអង្គារ ហើយកីឡាករវ័យ ៣៤ឆ្នាំរូបនេះ បានធ្វើការស្កេននៅថ្ងៃព្រហស្បតិ៍។
ក្លិប Juventus បានលើកឡើងថា «វានឹងត្រូវការពេលវេលាប្រមាណ ២០ថ្ងៃសម្រាប់ជាសះស្បើយវិញរបស់កីឡាករ»។
Di Maria ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា។
អាហ្សង់ទីន ស្ថិតក្នុងពូល C ហើយនឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ ប៉ះនឹងក្រុមអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២២ ខែវិច្ឆិកា។ ម៉ិកស៊ិក និងប៉ូឡូញ ក៏ស្ថិតនៅក្នុងពូលជាមួយពួកគេផងដែរ៕




