សមាគមលើកកម្ពស់សុខភាពកូរ៉េ និងមន្ទីរពេទ្យបង្អែកខណ្ឌព្រែកព្នៅ សហការពិនិត្យសុខភាព និងប្រឹក្សាយោបល់អំពីជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ជូនពលរដ្ឋ៣ពាន់នាក់

(ភ្នំពេញ)៖ សមាគមលើកកម្ពស់សុខភាពរបស់ប្រទេសកូរ៉េ សហការជាមួយ មន្ទីរពេទ្យបង្អែកខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បានពិនិត្យសុខភាព និងប្រឹក្សាយោបល់អំពីជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ជូនដល់ប្រជាពលរដ្ឋ៣ពាន់នាក់ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។


សមាគមលើកកម្ពស់សុខភាពរបស់កូរ៉េ បានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៩៥ ជាមួយនឹងជួយពង្រឹងដល់ការអភិវឌ្ឍសហប្រតិបត្ដិការផ្នែកសុខភាពនៅថ្នាក់អន្ដរជាតិ ដែលក្នុងនោះក៏មាន នៅប្រទេសឥណ្ឌូណេស៊ី ម៉ុងគោល ស៊ូដង់ មីយ៉ាន់ម៉ា និងប្រទេសចិនផងដែរ។ កម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសទាំង១១ ដែលសមាគមបានទៅដល់ និងបំពេញបេសកកម្ម។
សមាគមនេះកំពុងតែអនុវត្ដគម្រោងនៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហប្រតិបត្ដិការរវាងសមាគមលើកកម្ពុស់សុខភាពកូរ៉េ សហការពីមូលនិធិសហប្រតិបត្ដិការឧស្សាហកម្ម នៃសាកលវិទ្យល័យជាតិ ឆាង យុ និងកយកា ដែលកិច្ចសហប្រតិបត្ដិការរវាងស្ថាប័នទាំង៣នេះ អនុវត្ដគម្រោងមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២២-២០២៤ ផ្តោតទៅលើ «ការទប់ស្កាត់ និងគ្រប់គ្រងជំងឺមិនឆ្លង NCD តាមរយៈការប្រើប្រាស់ប្រព័ន្ធ អឹម ហែល នៅព្រែកព្នៅ ប្រទេសកម្ពុជា»។
គម្រោងនេះ នឹងពិនិត្យសុខភាព ក៏ដូចជាប្រឹក្សាយោបល់ជូនអ្នកជំងឺកម្ពុជា នៅខណ្ឌព្រែកព្នៅ ចំនួន៣ពាន់នាក់ ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម តាមរយៈគម្រោងនេះ យើងឲ្យប្រជាជនមកតាមមន្ទីរពេទ្យបង្អែក ខណ្ឌព្រែកព្នៅ ដើម្បីត្រួតពិនិត្យសុខភាពរបស់គាត់ «តើគាត់កំពុងមានជំងឺអ្វី?» ប្រសិនបើគាត់មានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម យើងចាត់ទុកគាត់ជាបុគ្គល នៅក្នុងគម្រោង ដើម្បីបន្ដអនុវត្ដ។
ការអនុវត្ដគម្រោងនេះ មានតែក្នុងខណ្ឌព្រែកព្នៅ និងមានសង្កាត់ចំនួន២ប៉ុណ្ណោះ គឺសង្កាត់គោករកា និងសង្កាត់ព្រែកព្នៅ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram