សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យស្រាវជ្រាវតាមចាប់ឱ្យបានជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលរត់គេចខ្លួន…

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាឲ្យស្រាវជ្រាវ តាមចាប់ឱ្យបាននូវជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ ។


សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់កំណើនចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ឲ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ត្រូវជម្រុញចាត់វិធានការបង្កើនការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមផែនការសកម្មភាពលេខ ០០៣/២០ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ របស់អនុគណៈកម្មការទី២ និងតាមបទពិសោធន៍ជាក់ស្តែង ដោយផ្តោតលើ មុខសញ្ញាបង្កគ្រោះថ្នាក់ មូលហេតុនាំឱ្យមានគ្រោះថ្នាក់ ពេលវេលា និងទីកន្លែងដែលកើតឡើងនូវហេតុការណ៍ គ្រោះថ្នាក់ ដើម្បីដាក់ចេញវិធានការឱ្យបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយនេះ ត្រូវចាត់ស្រាវជ្រាវ តាមចាប់ឱ្យបាននូវជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ និងត្រូវចែករំលែកព័ត៌មាន សាវតារជាតិរបស់ជនបង្កដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាស ទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធ ឱ្យបានជ្រាប និងចូលរួមសហការបង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ចំពោះករណីល្មើសក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ ចិញ្ចើមផ្លូវដោយគ្មានការអនុញ្ញាត។


សម្តេចក្រឡាហោម ស ខេង បានបន្តថា ត្រូវយកចិត្តទុកដាក់ដោះស្រាយការកកស្ទះចរាចរណ៍ឱ្យកាន់ តែមានប្រសិទ្ធភាពថែមទៀត។ បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែទូលំទូលាយថែមទៀត តាមគ្រប់រូបភាពជាប្រចាំ ដល់គ្រប់មូលដ្ឋាន និងគ្រប់វេទិកាសាធារណៈ ដើម្បីផ្តល់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ ត្រូវពង្រឹងថែមទៀតនូវប្រព័ន្ធសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អំពីយន្តការ មធ្យោបាយ និងការទំនាក់ទំនងព័ត៌មាន សំដៅធ្វើការសង្គ្រោះប្រកបដោយជំនាញវិជ្ជាជីវៈ និងបានឆាប់ទាន់ ពេលវេលា។


សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដោយក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៧៨លើក ស្មើ២៣% (២.៦៧៥/៣.៤៥៣លើក) អ្នកស្លាប់បានថយចុះចំនួន ២៨៨នាក់ ស្មើ១៧% (១.៣៦៨/ ១,៦៥៦នាក់) និងអ្នករបួសថយចុះចំនួន ១.២០៧នាក់ ស្មើ២៣% (៤.០០៧ /៥.២១៤នាក់) បើប្រៀបធៀបរយៈពេលដូចគ្នានាឆ្នាំ២០១៩។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram