ក្លិប SPAL តែងតាំងអតីតប្រធានក្រុមក្លិប Roma កីឡាករ De Rossi ជាអ្នកចាត់ការថ្មី
(រ៉ូម)៖ ក្លិប SPAL បានតែងតាំងអតីតប្រធានក្រុមក្លិប AS Roma កីឡាករ Daniele De Rossi ជាអ្នកចាត់ការថ្មីរបស់ពួកគេ ជំនួសតំណែងលោក Roberto Venturato។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគលំដាប់ទី២ អ៉ីតាលី Serie B ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
De Rossi វ័យ ៣៩ឆ្នាំដែលបានឈ្នះពានរង្វាន់ World Cup ឆ្នាំ២០០៦ ជាមួយអ៉ីតាលីនោះ បានធ្វើជាជំនួយការលោក Roberto Mancini នៅពេលដែលក្រុមជម្រើសជាតិអ៉ីតាលី បានឈ្នះពានរង្វាន់ European Championship កាលពីឆ្នាំមុន។
លោកបានចាកចេញពីតួនាទីកាលពីចុងឆ្នាំមុន ដើម្បីសម្រេចគោលបំណងរបស់លោក ក្នុងការក្លាយជាអ្នកចាត់ការ ហើយបានចុះកិច្ចសន្យាជាមួយក្លិប SPAL រហូតដល់ឆ្នាំ២០២៤។
De Rossi ដែលបានលេងឲ្យក្រុមជម្រើសជាតិអ៉ីតាលីចំនួន ១១៧លើកនោះ បានព្យួរស្បែកជើងរបស់លោកក្នុងឆ្នាំ២០២០ បន្ទាប់ពី ១៨ឆ្នាំលេងឲ្យក្លិប Roma និងលេងរយៈពេលខ្លីមួយនៅក្លិបលេងនៅលីគកំពូលអាហ្សង់ទីន Boca Juniors។
SPAL ដែលបានកាត់ចេញទៅកាន់លីគលំដាប់ទី២ Serie B ក្នុងឆ្នាំ២០២០ នោះ បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៤ ក្នុងតារាង បន្ទាប់ពី ៨ប្រកួត ហើយនឹងធ្វើដំណើរទៅជួបក្រុម Cittadella នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕




