ក្លិប Stuttgart បណ្តេញគ្រូបង្វឹក លោក Matarazzo ចេញពីតំណែង
(ប៊ែរឡាំង)៖ ក្លិបបាល់ទាត់ VfB Stuttgart បានបណ្តេញគ្រូបង្វឹក Pellegrino Matarazzo ចេញពីតំណែង ជាមួយនឹងប្រសិទ្ធិភាពភ្លាមៗ។ នេះបើតាមការប្រកាសពីក្លិបកំពុងជួបការលំបាក ដែលលេងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
បន្ទាប់ពីកាន់តំណែងបានរយៈពេលជិត ៣ឆ្នាំ ការដឹកនាំរបស់លោក Matarazzo បានដើរដល់ទីបញ្ចប់ បន្ទាប់ពីក្លិបបានចាញ់ក្រុម Union Berlin ១-០ កាលពីថ្ងៃអាទិត្យ និងបានធ្លាក់ទៅកាន់លំដាប់ថ្នាក់ទី១៧ ក្នុងលីគ ហើយបានក្លាយជាក្លិបតែមួយគត់ដែលមិនទាន់ស្គាល់ឈ្នះ ក្នុងយុទ្ធនាការឆ្នាំ២០២២-២៣ នេះ។
Stuttgart បាននឹងកំពុងរង់ចាំការឈ្នះជាលើកដំបូងរបស់ពួកគេនៅក្នុងលីគ Bundesliga ក្រោយទទួលលទ្ធផលស្មើ ៥ប្រកួត និងចាញ់ ៤ប្រកួត។
Stuttgart នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Bochum នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕




