ការកក់សំបុត្រយន្តហោះទៅកាន់កាតា ដើម្បីចូលរួមព្រឹត្តិការណ៍ World Cup មានការកើនឡើងខ្លាំង ជាពិសេសមកពី Dubai

(ឌូបៃ)៖ ការកក់សំបុត្រយន្តហោះ ធ្វើដំណើរទៅកាន់ប្រទេសកាតា កំពុងមានការកើនឡើងខ្លាំង ដើម្បីចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោក World Cup ដែលនឹងធ្វើឡើងនៅខែវិច្ឆិកា និងខែធ្នូខាងមុខ ជាពិសេសមានតម្រូវការកក់សំបុត្រខ្លាំងមកពីអេមីរ៉េតអារ៉ាប់រួមតែម្តង។ នេះបើតាមការសិក្សាមួយ បានបង្ហាញនៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា ការកក់សំបុត្រយន្តហោះទៅកាន់កាតាពីអេមីរ៉េតអារ៉ាប់រួម និងប្រទេសចំនួន ៩ផ្សេងទៀតបានកើនឡើង ១០ដងធៀបនឹងពេលមុនការរាតត្បាតពីជំងឺកូវីដ-១៩។ នេះបើតាមក្រុមហ៊ុនវិភាគ ForwardKeys បានបង្ហាញ។
ការកក់សំបុត្រមកពីអេមីរ៉េតអារ៉ាប់រួម បានកើនឡើង ១០៣ដងបើធៀបនឹងឆ្នាំ២០១៦ ដែលជាឆ្នាំចុងក្រោយ មុនពេលអេមីរ៉េតអារ៉ាប់រួម បានចូលរួមជាមួយបណ្តាប្រទេសអារ៉ាប់ផ្សេងទៀត ផ្តាច់ទំនាក់ទំនងការទូតជាមួយកាតា ដែលបណ្តាលឲ្យមានការផ្អាកជើងហោះហើរផ្ទាល់។ ការផ្តាច់ទំនាក់ទំនងការទូតនេះបានបញ្ចប់នៅដើមឆ្នាំ២០២១។
ការកក់សំបុត្រយន្តហោះមានការកើនឡើងនេះបានកើតឡើង បើទោះបីជាមានតម្រូវការបង្ហាញលទ្ធផលអវិជ្ជមាន នៃការធ្វើតេស្តរកមេរោគកូវីដ-១៩ ដើម្បីចូលទៅកាន់កាតាក៏ដោយ។
ជាមួយគ្នានោះដែរ ភ្ញៀវទេសចរអាមេរិក ទៅកាន់កាតាឈរនៅលំដាប់ខ្ពស់ជាងគេ គឺមានចំនួន ២៦ភាគរយជាមួយនឹងកាណាដា ឈរនៅលំដាប់ទី២ មានចំនួន ១០ភាគរយ និងអង់គ្លេស ឈរនៅចំណាត់ថ្នាក់ទី៣ មាន៩ភាគរយ។
សមាគមទេសចរណ៍កាតា បានរាយការណ៍ថា មានបន្ទប់សណ្ឋាគារចំនួន ៣១,១២៣បន្ទប់ នៅក្នុងប្រទេស គិតត្រឹមដំណាច់ត្រីមាសដំបូងនៃឆ្នាំនេះ។
FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានកក់ ៨០ភាគរយនៃបន្ទប់ដែលមានសម្រាប់កីឡាករ, ភ្ញៀវ និងមន្ត្រី នៅអំឡុងពេលព្រឹត្តិការណ៍ប្រកួត, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំ World Cup នៅកាតា។ FIFA ត្រូវបានគេរំពឹងថា នឹងបញ្ចេញបន្ទប់ ដែលខ្លួនមិនមានតម្រូវការ ទៅកាន់ទីផ្សារ នៅប៉ុន្មានសប្តាហ៍ខាងមុខ។
បើតាមក្រុមហ៊ុនគ្រប់គ្រងទិន្នន័យហោះហើរ OAG បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways និង Flydubai នឹងធ្វើការងាររួមគ្នា ដែលនឹងមានប្រតិបត្តិការប្រមាណ ៥៤ជើង ក្នុងមួយថ្ងៃរវាងទីក្រុង Dubai និងកាតា ដែលធៀបនឹងពេលមុន មានត្រឹមតែ ៦ជើងប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram