អាជ្ញាធរខេត្តកំពត ចុះពិនិត្យស្ថានភាពទឹកតាមបណ្ដោយព្រែកកំពង់បាយ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ…
ខេត្តកំពត៖ នៅរសៀលថ្ងៃអាទិត្យទី២ ខែសីហាឆ្នាំ២០២០ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកទឹកឈូ លោកអភិបាលក្រុងកំពត និងកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងនគរបាលវរៈការពារព្រំដែនទឹកលេខ២៤១ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតាមដងព្រែកកំពង់បាយ ចាប់ពីក្រុងកំពត រហូតដល់ព្រែកទឹកឈូ ឆ្លងកាត់ក្នុងឃុំម៉ាក់ប្រាង្គនិងឃុំកំពង់គ្រែងក្នុងស្រុកទឹកឈូ ខេត្តកំពត។

នាឱកាសនេះដែរ ឯកឧត្តម បានមានប្រសាសន៍ថាបើតាមការ ពិនិត្យវាយតម្លៃជាក់ស្ដែង ស្ថានភាពទឹកតាមដងព្រែកនៅពេលនេះ នៅមិនទាន់មានការព្រួយបារម្ភ ចំពោះផលប៉ះពាល់ នៃការលិចលង់ដល់លំនៅដ្ឋានផ្ទះសំបែង ស្រែចំការរបស់ប្រជាពលរដ្ឋឡើយទេ ប៉ុន្តែបើភ្លៀងនៅតែបន្តធ្លាក់ទៀត យើងមិនត្រូវមានការធ្វេសប្រហែសឡើយ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ត្រូវ ប្រុងប្រយ័ត្នបន្តតាមដានចំពោះបាតុភូតឬធាតុអាកាស ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀងនេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជួបការលំបាកឬរងគ្រោះដោយប្រការផ្សេងៗពីជំនន់ទឹកភ្លៀងនេះ។

ពិសេសត្រូវត្រៀមលក្ខណៈប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ដើម្បីជួយអន្តរាគមន៍ ជំលៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីមានហេតុការណ៍ទឹកជំនន់កើតឡើង។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានរាយការណ៍មករដ្ឋបាលខេត្តជាបន្ទាន់ ដោយមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយជំនន់ទឹកភ្លៀងនេះ ហើយគ្មានការអន្តរាគមន៍ពីអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចឡើយ៕
ប្រភព៖ រដ្ឋបាលខេត្តកំពត






