អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្រុកស្អាង…
ខេត្តកណ្តាល៖បន្ទាប់ពីទទួលបានព័ត៌មានថា ផ្ទះប្រជាពលរដ្ឋនៅស្រុកស្អាង ត្រូវបានអគ្គិភ័យឆាបឆេះ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ប្រើប្រាស់រថយន្តជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹក ពន្លត់អគ្គិភ័យដោយផ្ទាល់ ក្នុងនោះដោយបានរថយន្តសង្រ្គោះ-ពន្លត់អគ្គិភ័យ របស់បញ្ជាការដ្ឋានអង្គរក្ស ចំនួន០៣គ្រឿង ជួយអន្តរាគមន៍ផងដែរ។ ផ្ទះប្រជាពលរដ្ឋ ដែលត្រូវបានអគ្គិភ័យឆាបឆេះនេះ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២១បេ ត្រង់ចំណុចលក់ឆៃប៉ូវឆ្ងាញ់ ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបាននឹងកំពុងសហការគ្នាអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ ដើម្បីកុំឲ្យឆេះឆ្លងរាល ដាលដល់ផ្ទះដទៃផ្សេងទៀត នៅក្នុងហេតុការណ៍។ ពាក់ព័ន្ធនឹង ការបាត់បង់ខូចខាតទំហំនៃទឹកប្រាក់ សមត្ថកិច្ចមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ៕





