Cavani ចុះកិច្ចសន្យាជាមួយក្លិប Valencia លើការផ្ទេរដោយឥតបង់ថ្លៃ

(វាឡេនស៊ែ)៖ អតីតខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Edinson Cavani នឹងចូលរួមលេងនៅក្លិប Valencia លើការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើតាមការប្រកាសពីក្លិបអេស្ប៉ាញ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអ៊ុយរ៉ូហ្គាយ វ័យ ៣៥ឆ្នាំរូបនេះ អាចចុះកិច្ចសន្យានេះបាន បន្ទាប់ពីកិច្ចសន្យារបស់លោកបានផុតកំណត់កាលពីដើមរដូវក្តៅនេះ ក្រោយពីចំណាយពេល ២រដូវកាលមុនលេងនៅកីឡដ្ឋាន Old Trafford។
យោងតាមក្លិប កីឡាករ Cavani បានព្រមព្រៀងក្នុងការចុះហត្ថលេខា លើកិច្ចសន្យារយៈពេល ២ឆ្នាំ។
ក្លិប Valencia បានឈ្នះការប្រកួតប្រជែងក្នុងការចុះកិច្ចសន្យា យកកីឡាករជើងចាស់រូបនេះ លើក្លិប Real Sociedad ដែលក្លិបនេះកំពុងស្ថិតក្នុងទីផ្សារស្វែងរកកីឡាករជំនួសខ្សែប្រយុទ្ធស៊ុយអ៊ែត Alexander Isak ដែលត្រូវបានលក់កាលពីសប្តាហ៍មុន ទៅកាន់ក្លិប Newcastle United ក្នុងតម្លៃផ្ទេរ ៧០លានអឺរ៉ូ។
Cavani បានទៅដល់ក្លិប Valencia នៅរសៀលថ្ងៃចន្ទ និងបានជជែកជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ មុនពេលឆ្លងកាត់ការធ្វើតេស្តវេជ្ជសាស្ត្រជាមួយវេជ្ជបណ្ឌិតរបស់ក្លិប និងចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់លោក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram